(វ៉ាស៊ីនតោន)៖ សេតវិមាននៃសហរដ្ឋអាមេរិកបានអះអាងថា រដ្ឋាភិបាលទីក្រុងប៉េកាំង​បានផ្លាស់ប្តូរ​គោលជំហរពីការគាំទ្រ​កូរ៉េខាងជើង មក​​ធ្វើការឃ្លាំមើលដោយមិនដាក់ភ្នែកទៅលើរដ្ឋកុម្មុយនិស្តមួយនេះ ពីព្រោះការគំរាមកំហែងដែលមិន​អាចព្រងើយកន្តើយបាន ដល់សន្តិសុខជាតិ​របស់ចិន។ នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។

យោងតាមសម្តី​របស់មន្រ្តីជាន់ខ្ពស់​នៅសេតវិមាន ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញការជឿទុក​ចិត្តខ្ពស់ចំពោះការជួយជ្រោមជ្រែង​ ពី​សំណាក់ប្រទេសចិនប្រឆាំងនឹង​ការគំរាមកំហែង​ដែលបង្កឡើងដោយ​កូរ៉េខាងជើង ពីព្រោះតែ​ទីក្រុងប៉េកាំង​បានចាប់ផ្តើម​មើលឃើញថា​ ទីក្រុងព្យុងយ៉ាង​គឺជាបញ្ហាប្រឈម​ដ៏លំបាកមួយ នៅក្នុងផល​ប្រយោជន៍​របស់ខ្លួន។

មន្រ្តីអាមេរិករូបនេះ​បានលើកឡើង​ដូច្នេះថា «អ្វីដែលមាន​ការខុសប្លែកអំពី​ទស្សនរបស់ចិន​ចំពោះបញ្ហា​នៅ​កូរ៉េ​ខាង​ជើង​​នា​ពេល​បច្ចុប្បន្ននេះ​គឺថា ចិនបានចាប់ផ្តើមមើល​ឃើញផ្ទាល់ភ្នែក​យ៉ាង​ច្បាស់ថា វាគឺជាការគំរាម​កំហែង​ដ៏ធ្ងន់ធ្ងរមួយ មិនត្រឹមតែ​ចំពោះផលប្រយោជន៍​ក៏ដូច​ជាសន្តិសុខ​របស់​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឬមួយក៏ជប៉ុន​នោះឡើយ ប៉ុន្តែបញ្ហានេះ​ក៏បង្កជាការគំរាមកំហែង​ដល់ផលប្រយោជន៍​ និង​សន្តិសុខជាតិ​របស់ចិន​ផងដែរ»

គួរបញ្ជាក់ថា ស្ថានការណ៍​នៅតំបន់ឧបទ្វីប​កូរ៉េខាងជើង បានជួបភាពតានតឹង​កាន់តែខ្លាំងឡើង ចាប់តាំងតែ​ពីកូរ៉េខាងជើង បានធ្វើតេស្តមីស៊ីល​​ផ្លោង និងអាវុធនុយក្លេអ៊ែរ​ជាច្រើនលើក ដែលបានរំលោភបំពាន​ទៅលើសេចក្តីសម្រេច​ ក៏ដូចជាដំណោះស្រាយ​របស់ក្រុមប្រឹក្សា​សន្តិសុខនៃ​អង្គការសហប្រជាជាតិ ហើយសូម្បីតែចិនជាបងធំបានអំពាវនាវឲ្យកូរ៉េខាងជើងឈប់ ក៏ប្រទេសដ៏​ក្មេងខ្ជី​មួយនេះមិនទុកមុខឲ្យនោះដែរ៕