(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាធរដាក់សម្ពាធបន្ថែម​លើ​ប្រទេសកូរ៉េខាងជើង តាមរយៈទណ្ឌកម្មសេដ្ឋកិច្ច និងការទូត​ ដើម្បីបង្ខំឲ្យកូរ៉េខាងជើងបោះបង់ចោល​កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលតែម្តង ដែលទាំងនេះសុទ្ធសឹងតែជាមធ្យោបាយសន្តិភាព ស្ថិតនៅក្នុងន័យ​រក្សាឲ្យបាននូវស្ថិរភាពក្នុងតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។

មន្ត្រីកំពូលសហរដ្ឋអាមេរិកបានលើកឡើងពីសម្តីលោក ដូណាល់ ត្រាំ យ៉ាងដូច្នេះទៀតថា «យើងកំពុង​ធ្វើការផ្សាភ្ជាប់ជាមួយសមាជិកនៃសហគមន៍អន្តរជាតិ ដែលមានទំនួលខុសត្រូវក្នុងការដាក់សម្ពាធទៅ​លើប្រទេសកូរ៉េខាងជើង ដើម្បីបង្ខំឲ្យរបបដឹកនាំទីក្រុងព្យុងយ៉ាងបន្ថយឥទ្ធិពលរបស់ខ្លួន រួចងាកមកចូល​រួមតុចរចាគ្នាឡើងវិញ»។ ការថ្លែងបែបនេះគឺសហរដ្ឋអាមេរិក មានគោលជំហរធ្វើការលុបបំបាត់​កម្មវិធី​នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដោយវិធីសន្តិភាពជាគោល។

គួរបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍រួមខាងលើនេះ​ ត្រូវបានរៀបចំឡើង​ដោយរដ្ឋមន្ត្រីការ​បរទេស​អាមេរិក លោក Rex Tillerson, រដ្ឋមន្ត្រីការពារជាតិអាមេរិក​លោក James Mattis និងនាយកទីភ្នាក់ងារ​ស៊ើបការណ៍​​សម្ងាត់​អាមេរិក លោក Dan Coats បន្ទាប់ពីមន្ត្រី​ទាំងបីរូបនេះ បានធ្វើការអត្ថាធិប្បាយ​អំពីគោល​នយោបា​របស់​រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​ចំពោះទីក្រុងព្យុងយ៉ាង ជូនដល់អង្គសភាជាតិឲ្យបានដឹង៕