(ម៉ូស្គូ)៖ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខប្រទេសរុស្ស៊ីបានលើកឡើងថា ឧបទ្វីបកូរ៉េដែល​កំពុងឆ្ពោះទៅរកមាត់ជ្រោះ​​នៃភ្នក់ភ្លើងសង្រ្គាម គឺដោយសារ​តែទទួល​រងការញុះញង់​ក៏ដូចជាសម្ពាធ​ពីខាងក្រៅ។ នេះបើតាមាករចេញ​ផ្សាយដោយសាររុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧​។

ថ្លែងក្នុងសន្និសីទ​ទីក្រុងម៉ូស្គូ​លើកទី០៦​ ស្តីពីបញ្ហាសន្តិសុខអន្តរជាតិនាថ្ងៃពុធនេះ លោក Nikolai Patrushev លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​​​​រុស្ស៊ី បានលើកឡើង​យ៉ាងដូច្នេះថា «យើងមិនអាច​មើលស្រាល​បាននោះឡើយ ចំពោះបញ្ហា​ដែលកំពុងកើត​មានឡើងនៅ​ឧបទ្វីបកូរ៉េ ជាទី​ដែល​បណ្តាភាគី​នៅទីនោះ កំពុងស្ថិតនៅក្បែរ​មាត់ជ្រោះនៃ​ភ្លើងសង្រ្គាម ពីព្រោះការញុះញង់​នៃឥទ្ធិពល​ខាងក្រៅ»

សហរដ្ឋអាមេរិក​បានសម្រេចបញ្ជូន​ក្រុមនាវាចម្បាំង​របស់ខ្លួន ដែលដឹកនាំ​ដោយនាវាដឹក​យន្តហោះចម្បាំង ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​ USS Carl Vinson ទៅកាន់​ឧបទ្វីបកូរ៉ នៅចំពោះមុខ​ការកើនឡើង​យ៉ាងក្តៅគគុក​ នៃភាពតានតឹង​ក្នុងតំបន់។ យោង​តាម​ការ​អះ​អាង​​របស់​សារ​ព័ត៌​មាន​​រដ្ឋកូរ៉េខាងជើង​ របបទីក្រុង​ព្យុងយ៉ាង បានត្រៀម​រួចជាស្រេច ដើម្បីបង្ហាញ​ឥទ្ធិពលនុយក្លេអ៊ែរ​របស់ខ្លួន នៅក្នុងការឆ្លើយតប​​ចំពោះ​ការ​បញ្ជូន​​​ក្រុមនាវាចម្បាំងនេះ ដោយព្រមានថា​ អាចនឹងបាញ់ពន្លិច​នាវាដឹកយន្តហោះ​ចម្បាំង USS Carl Vinson ចោល។

គួរបញ្ជាក់ថា ស្ថានភាពនៅ​ឧបទ្វីបកូរ៉េជួបភាពតានតឹងខ្លាំងឡើង ចាប់តាំងពីកូរ៉េខាងជើង បានធ្វើតេស្ត​មីស៊ីល និងក្បាលគ្រាប់នុយក្លេអ៊ែរ​​ជា​ច្រើនលើក ដែលទង្វើទាំងអស់នេះ​ត្រូវបានអន្តរជាតិ​ចាត់ទុកថា ជាការបំពាន​លើដំណោះស្រាយក៏ដូចជា សេចក្តីសម្រេច​របស់ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការ​សហប្រជាជាតិ៕