(សេអ៊ូល)៖ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមទស្សនា​ដោយផ្ទាល់ កាលពីថ្ងៃអង្គារ នៅក្នុងសមយុទ្ធបាញ់កាំភ្លើងធំទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ដើម្បីអបអរសាទរខួបលើកទី៨៥ នៃថ្ងៃកំណើតកងទ័ព​កូរ៉េខាងជើង។ នេះបើតាមការផ្សាយនៃស្ថានីយ៍ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCTV ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី២៦​ ខែមេសា ឆ្នាំ២០១៧។

កូរ៉េខាងជើង​បានដឹកនាំការធ្វើ​សមយុទ្ធបាញ់កាំភ្លើងធំ នៅតំបន់ឆ្នេរទីក្រុង Wonsan​ ជំនួសការបាញ់សាកល្បង​អាវុធនុយក្លេអ៊ែរ​ ឬមីស៊ីលផ្លោងឆ្លងទ្វីប ហើយម្យ៉ាងវិញទៀត ការធ្វើសមយុទ្ធនេះ​ត្រូវបានគេមើលឃើញថា កូរ៉េខាងជើង​មានគោលបំណង​បង្ហាញសមត្ថភាព​វាយប្រហារ​លើទីក្រុងសេអ៊ូល និងដើម្បីកំញើញនាវា USS Carl Vinson ដែលនឹង​ធ្វើដំណើរ​ខិតមកជិតតំបន់ដែន​ទឹកឧទ្វីបកូរ៉េ​នៅក្នុងសប្ដាហ៍នេះ បើទោះជា​ទីក្រុងព្យុងយ៉ាង គំរាមបាញ់​ពន្លិចក៏ដោយ។

គួរបញ្ជាក់ថា កាលពីប៉ុន្មាន​ថ្ងៃមុននេះ រដ្ឋមន្ត្រីការពារជាតិ​កូរ៉េខាងជើង លោក ផាក យ៉ុងសីគ (Pak Yong-sik) បានព្រមានជា​ថ្មីថា គ្រាប់នុយក្លេអ៊ែរកូរ៉េខាងជើង មានលទ្ធភាព​កម្ទេចមូលដ្ឋានទ័ពអាមេរិក ក្នុងតំបន់ប៉ាស៊ីហ្វិក ហើយថា បើសិនជានាវា USS Carl Vinson ហ៊ាន​ចូលមកក្នុងដែនទឹក​ឧបទ្វីបកូរ៉េ នោះកងទ័ព​កូរ៉េខាងជើង នឹងបាញ់ពន្លិចនាវា​មួយនេះ។

ទោះបីជាយ៉ាងណាក៏ដោយ​ ក្រុមអ្នកជំនាញ​កូរ៉េខាងត្បូងបានលើកឡើងដែរថា​ សមត្ថភាពយោធា​កូរ៉េខាងជើង មិនទាន់អាចទប់​នឹងមីស៊ីលអាមេរិក​បាននោះទេ ក៏ប៉ុន្តែអ្វីដែល​គេដឹងនោះគឺថា​ ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល កំពុងដុត​ដៃដុតជើង​ដាក់ពង្រាយខែលការពារមីស៊ីល​ដ៏មានឥទ្ធិពលរបស់​អាមេរិក THAAD ដើម្បីទប់ទល់នឹង​កូរ៉េខាងជើងឲ្យបានកាន់តែលឿនបំផុត៕