(អវកាស)៖ យានអវកាស Cassini បាន និងកំពុងតែធ្វើដំណើរវិលជុំវិញភពសៅរ៍ (Saturn) អស់រយៈពេលជិតពីរ​ទសវត្សរ៍មកហើយ និងបាន​កត់​ត្រានូវព័ត៌មាន ក៏ដូចជាទិន្នន័យ ពោរពេញ​ដោយសារៈប្រយោជន៍ជាច្រើនសន្ធឹកសន្ធាប់ អំពីភពមួយនេះ និងព្រះច័ន្ទមួយចំនួនរបស់​វា ហើយនាពេលថ្មីៗនេះ យានអវកាសរបស់ NASA នេះ បានថតយករូបភាពអស្ចារ្យ​មួយនៃភពផែនរបស់យើង​នៅចន្លោះ ខ្សែ​ក្រវ៉ាត់​​របស់​​​ភព​​សៅរ៍​​​ថែម​ទៀត​ផង​។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន​អង់គ្លេស Mirror នៅមុននេះនាព្រឹក​ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។

លោក Giovanni Domenico Cassini គឺជាគណិតវិទូ និងតារាវិទូជនជាតិ​អ៊ីតាលីមួយរូប ដែលបានកើត​នៅក្នុង​ឆ្នាំ១៦២៥។ លោកគឺជា​បុគ្គល​ដំបូង​គេ ​ដែលបានកត់សម្គាល់​ឃើញអំពីផ្នែកខ្សែ​ក្រវ៉ាត់របស់ភពសៅរ៍កាល​ពីឆ្នាំ១៦៧៥ ហើយបច្ចុប្បន្ននេះ ពោលគឺជាង​៣០០ឆ្នាំកន្លងផុត​ទៅ យានអវកាស​ដែលត្រូវដាក់ឈ្មោះ​តាមរូបលោក កំពុងតែធ្វើដំណើរ​គោចរជុំវិញភព​ដ៏ប្លែកមួយនេះ។

ដោយឡែកបេសកកម្ម​របស់ Cassini កំពុងឈានចូលជិត​ដល់ទីបញ្ចប់ហើយ ស្របពេល​ដែលអង្គការ NASA កំពុងត្រៀមរៀបចំ​ដើម្បី​ទម្លាក់​ខ្លួន​ចូល​​ទៅក្នុងផ្ទៃដីនៃភពសៅរ៍​ផ្ទាល់តែម្តង។ ក៏ប៉ុន្តែក្នុងសប្តាហ៍នេះ​យានអវកាស Cassini បានបញ្ជូនមកវិញ​នូវរូបភាពដ៏ស្រស់ស្អាត​​ និងកម្រ​មានមួយនៃ​ភពផែន ដោយមើលឃើញ​ឆ្លងកាត់តាមខ្សែក្រវ៉ាត់​របស់ភពសៅរ៍។

ចាប់ពីថ្ងៃទី២៦ ខែមេសានេះតទៅ Cassini នឹងធ្វើការ​ហោះមុជ​ចូលទៅក្នុងតំបន់ស្ថិត​នៅចន្លោះភពសៅរ៍ និងខ្សែក្រវ៉ាត់​របស់វា ហើយនៅ​ថ្ងៃ​ទី១៥ ខែមកញ្ញា​ខាងមុខ Cassini នឹងត្រូវទម្លាក់​ទៅក្នុងបរិកាស​របស់ភពសៅរ៍ ដែលជាការគូសបញ្ជាក់​នៃកិច្ចបិទបញ្ចប់​បេសកកម្ម​របស់​វា៕