(វ៉ាស៊ីនតោន)៖ ចិនទំនងជានឹងមិនធ្វើការដាក់សម្ពាធខ្លាំងគ្រប់គ្រាន់ ទៅលើរបបដឹកនាំទីក្រុងព្យុងយ៉ាង ដែលអាចបង្ខំឲ្យរដ្ឋកុម្មុយនិស្តមួយនេះ​ គិតគូរពិចារណាឡើងវិញ អំពីកម្មវិធីផលិត​អាវុធប្រល័យលោករបស់ខ្លួននោះឡើយ ដូច្នេះហើយសហរដ្ឋអាមេរិកគួរតែបន្តដាក់ទណកម្ម ទៅលើ​បណ្តាក្រុមហ៊ុនចិន ដែលកំពុងធ្វើមុខជំនួញជាមួយប្រទេសកូរ៉េខាងជើង ដើម្បីឲ្យទីក្រុងប៉េកាំង​កំរើកខ្លួនខ្លះ។ នេះបើតាមសម្តី​របស់អ្នក​ជំនាញ​អាមេរិក ដែលត្រូវបានដកស្រង់​ដោយទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិច​នាព្រឹកថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។

លោកស្រី Kelly Magsamen អតីតមន្រ្តីជាន់ខ្ពស់​នៃមន្ទីរបញ្ចកោណ​អាមេរិក បានលើកឡើងថា «អ្វីៗដែលចិន​យល់ព្រមធ្វើ​នៅមាន​កម្រិត​​​នៅ​ឡើយ ដោយការព្រួយ​បារម្ភខ្លាំងបំផុត​របស់ពួកគេនោះ គឺខ្លាចបង្កអស្ថិរភាព​ និងអសន្តិសុខនៅ​តំបន់ឧបទ្វីបកូរ៉េ។ ប៉ុន្តែខណៈ​ពេលនេះ​​គឺ​ដល់​ពេល ដែលត្រូវធ្វើឲ្យ​ទីក្រុងប៉េកាំង​យល់ច្បាស់​ហើយថា ស្ថានការណ៍នឹង​កាន់តែអាក្រក់​ទៅៗសម្រាប់ពួកគេ។ ខ្ញុំគិតថា​ យើងត្រូវ​ដាក់​​ផល​ប្រយោជន៍​​របស់​ពួកគេ​នៅ​ក្នុង​ហា​និ​ភ័យ ដោយយើង​ចាំបាច់ត្រូវ​តែគិតគូរ ឲ្យ​បាន​ដិត​ដល់​អំពីការដាក់ទណ្ឌកម្ម​ទៅលើធនាគារចិន ដើម្បី​បង្ហាញឲ្យ​ពួកគេឃើញថា​ យើងមិនមានពេលសើចពីលើបញ្ហានេះទៀតឡើយ»

គួរបញ្ជាក់ថា ចាប់តាំងពីកិច្ច​ប្រជុំទល់មុខគ្នា​លើកដំបូង​បំផុត​ ជាមួយមេដឹកនាំចិន​លោក ស៊ី ជិនពីង ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ បានបន្តជំរុញ​លើកទឹកចិត្ត​ទីក្រុងប៉េកាំង ឲ្យបង្កើនការដាក់​គំនាបទៅលើ​កូរ៉េខាងជើង និងបានធ្វើការកោតសរសើរ​ព្រមទាំងស្ញប់ស្ញែង​ជាដដែលៗ​ចំពោះលោក ស៊ី ដែលបានខិតខំប្រឹងប្រែង​ធ្វើយ៉ាងដូច្នោះ ដោយរួមបញ្ចូល​ទាំងការផ្អាកការនាំ​ចូលធ្យូងថ្មពីទីក្រុងព្យុងយ៉ាង​​ថែមទៀត៕