(ប៉ារីស)៖ លោកស្រី Marine Le Pen កំពុងត្រូវបាន​មជ្ឈដ្ឋានទូទៅចាប់​អារម្មណ៍ជាខ្លាំង បន្ទាប់ស្ត្រីដ៏មាន ឥទ្ធិពលរូបនេះ ក្លាយជាបេក្ខជន​ប្រធានាធិបតី ដែលកំពុងរងចាំ​ចូលរួមបោះឆ្នោតជុំទីពីរ​ជាមួយបេក្ខជននាំមុខ មួយរូបទៀតគឺលោក Macron នៅថ្ងៃទី០៧ ខែឧសភាខាងមុខ។ ខាងក្រោមនេះ ជាព័ត៌មាន និងប្រវត្តិរូបសំខាន់ៗ ពាក់ព័ន្ធស្ត្រីនយោបាយរូបនេះ៖

១៖ ថ្ងៃខែឆ្នាំកំណើត ស្វាមី និងបច្ចុប្បន្នភាពខ្លះៗ

*  លោកស្រីកើតនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៦៨ (វ័យ៤៨ឆ្នាំ) ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
*  បក្សនយោបាយរបស់លោកស្រីគឺ National Front (ពីឆ្នាំ១៩៨៦ ដល់បច្ចុប្បន្ន)។
*  លោកស្រីធ្លាប់មានស្វាមីបីនាក់ គឺលោក Franck Chauffroy (រៀបការឆ្នាំ១៩៩៥ លែងលះឆ្នាំ២០០០)។ លោកEric Lorio (រៀបការឆ្នាំ២០០២ ដល់ឆ្នាំ២០០៦) និងលោក Ericlorio (រៀបការឆ្នាំ២០០៩ ដល់បច្ចុប្បន្ន)។
*  លោកស្រីមានកូនបីនាក់។
*  ជាមេដឹកនាំបក្ស National Front ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។
*  ជាសមាជិកសភាសហភាពអឺរ៉ុប ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៩ ដល់បច្ចុប្បន្ន។
*  ជាសមាជិកក្រុមប្រឹក្សាតំបន់ ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១០ ដល់បច្ចុប្បន្ន។
*  ជាសមាជិកក្រុមប្រឹក្សាក្រុង ពីថ្ងៃទី២៣ មីនា ២០០៨ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១។

២៖ ជីវិតពីកុមារភាព

* កុមារី Marine Le Pen កើតនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៦៨ ក្នុងប្រទេសបារាំង។ នាងជាកូនពៅក្នុងចំណោមបងប្អូនស្រីបីនាក់ ព្រមទាំងត្រូវជាកូនរបស់លោក Jean Marie Le Pen ជាអ្នកនយោបាយ ជាមេដឹកនាំបក្សNational Front និងអតីតជាទាហានប៉ារ៉ាម្នាក់ និងលោកស្រី Pierrette Lalanne។
* ក្នុងឆ្នាំ១៩៧៦ ខណៈដែលកុមារី Marine ស្ថិតក្នុងវ័យ០៨ឆ្នាំនៅឡើយ នាងបាន​រួចផុតជីវិត​ពីការវាយប្រហារដោយ​គ្រាប់បែក​ ទៅលើគ្រួសារ​ទាំងមូលខណៈពួកគេ​កំពុងគេង។ យ៉ាងនេះក្តី​គ្រួសារទាំងមូល​មិនរងគ្រោះឡើយ។ កុមារីរូបនេះ​មិនអាចទទួល​ភាពកក់ក្តៅពីគ្រួសារ​ឡើយ បន្ទាប់ពីឪពុកម្តាយ​របស់នាងបាន​លែងលះគ្នា​ ក្នុ​ងឆ្នាំ១៩៨៧។

៣៖ ប្រវត្តិនៃការសិក្សា

* ពីតូចកុមារី Marine បានសិក្សានៅសាលា Florent Schmitt នៅទីក្រុងSaint-Cloud។ លុះធំដឹងក្តី នាងបានសិក្សា​នៅសកល​វិទ្យាល័យ Pantheon-Assas ព្រមទាំង​បញ្ចប់ថ្នាក់​អនុបណ្ឌិតឯកទេស​ច្បាស់ក្នុង​ឆ្នាំ១៩៩១ និងបញ្ចប់ផ្នែក​ច្បាប់ឧក្រិដ្ឋកម្ម​ក្នុងឆ្នាំ១៩៩២។
* នាងបានចំណាយ​ពេលអស់រយៈពេល​០៦ឆ្នាំ (ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨) ដើម្បីធ្វើ​ជាមេធាវី។ នៅក្នុងប្រទេស​បារាំង​មិនខុសពីប្រទេស​ផ្សេងទៀត​មួយចំនួនឡើយ​ ដែលមានគោលការណ៍​មួយ គឺនៅពេល​ដែលចុងចោទ​គ្មានលទ្ធភាព​ជួលមេធាវីនោះ មេធាវីម្នាក់​នឹងត្រូវបានគេជ្រើសរើស​ ដើម្បីជួយការពារចុងចោទដោយ​ឥតគិតថ្លៃ ហើយ​នាង Marine តែងតែជួយ​បំពេញ​កាតព្វកិច្ច​នេះផងដែរ។

៤៖ ជីវិតឯកជន

* អ្នកនាង Le Pen បានបញ្ចប់ជីវិត​ជាយុវវ័យ ដោយ​បានរៀបការជាមួយ​ប្រតិបត្តិករពាណិជ្ចកម្ម​ម្នាក់ គឺលោក Franck Chauffroy ក្នុងឆ្នាំ១៩៩៥ ដែលក្នុងពេលនោះ កូនកម្លោះ​របស់នាងក៏ធ្វើការ​ក្នុងបក្ស National Front ផងដែរ។ ក្រោយមក​អ្នកស្រី Le Pen  បានលែងលះស្វាមី​ទីមួយក្នុង​ឆ្នាំ២០០០ ដោយរៀបការ​សាជាថ្មីក្នុង​ឆ្នាំ២០០២ ជាមួយ​លោក Eric Lorio អតីតរដ្ឋលេខាធិការជាតិ​នៃបក្ស National Front ហើយ​អ្នកទំាងពីរ​បានលែងលះគ្នាក្នុង​ឆ្នាំ២០០៦។
* ដល់ឆ្នាំ២០០៩ លោកស្រីក៏មានទំនាក់ទំនងជាមួយលោក Louis Aliot។ លោកជាអគ្គលេខាធិការបក្ស National Front ចាប់ពីឆ្នាំ២០០៥ដល់ឆ្នាំ២០១០។ លោកស្រី​បានចំណាយ​ពេលស្ទើរពេញ​មួយជីវិតក្នុង​ទីក្រុង Saint-Cloud ជាមួយនឹងកូន​ស្រីបីនាក់។ លោកស្រីមានអគារស្នាក់នៅក្នុង Henin-Beaumon។
* រងចាំរហូតដល់ឆ្នាំ២០១០ ទើបលោកស្រី​បានទិញលំនៅដ្ឋានមួយរស់​នៅជាមួយស្វាមី​ក្រោយ គឺលោក Aliot នៅMillas។

៥៖ ជីវិតការងារ

* Le Pen បានប្រឡូកចូល​ក្នុងកិច្ចការបក្ស National Front ក្នុងឆ្នាំ១៩៨៦ ដោយមានឪពុកនាង​ធ្លាប់ជាមេដឹកនាំ​បក្សនេះផ្ទាល់។ លោកស្រី​ត្រូវបានគេបោះឆ្នោត​ធ្វើជាទីប្រឹក្សា​តំបន់ក្នុង​ឆ្នាំ១៩៩៨ នឹងបន្តកាន់ដំណែង​ដល់បច្ចុប្បន្ន និងជាសមាជិកសភា​អឺរ៉ុបពីឆ្នាំ២០០៤​ដល់បច្ចុប្បន្ន។ ក្រោយមកក៏ក្លាយ​ជាទីប្រឹក្សាក្រុង ចាប់ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១១។
* លោកស្រីបានជាប់ឆ្នោត​ក្លាយជាមេដឹកនំា​បក្សនេះបន្តពីឪពុក ក្នុងឆ្នាំ២០១១ ជាមួយនឹង​សំឡេងគាំទ្រ ៦៧.៦៥ភាគរយ។ លោកស្រី បានជាប់លំដាប់ថ្នាក់ទីបី ក្នុងការប្រកួត​ប្រជែង​បោះឆ្នោត​ប្រធានាធិបតី ឆ្នាំ២០១២​ ដោយសំឡេងគាំទ្រត្រឹមតែ ១៧,៩០ភាគរយ ទាបជាង​គូប្រជែងរបស់លោកស្រី​ពីររូបផ្សេង​ទៀត គឺលោក Francois Hollande និងលោក Nicolas Sarkozy។

* លោកស្រីបាន​ឈរឈ្មោះបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ជាលើកទីពីរ​ក្នុងឆ្នាំ២០១៧នេះ។ លោកស្រីបានជាប់ជាមួយនឹងគូប្រជែង​គឺលោក Emmanuel Macron ក្នុងជុំទីមួយ ហើយរង់ចាំ​ការបោះឆ្នោតជុំទីពីរ​ដែលនឹងប្រព្រឹត្តទៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១០៧ខាងមុខ។

៦៖ រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍

* ក្នុងនាមជាអ្នកនយោបាយម្នាក់ លោកស្រីត្រូវបានគេចាត់ទុកថា ជាអ្នកនយោបាយ​ដែលមានលក្ខណៈ​ប្រជាធិបតេយ្យ និងសាធារណរដ្ឋ​ជាងឪពុកជាតិនិយមរបស់លោកស្រី។
* អ្វីគួរចាប់អារម្មណ៍ ស្រី្តដែលក្រាសក្រែលដោយ​បទពិសោធន៍នយោបាយ​រូបនេះ ធ្លាប់បណ្តេញ​ឪពុកនាងចេញពីបក្ស​នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោក​បានធ្វើសេចក្តីថ្លែងការណ៍ ដែលបង្ហាញ​ការវិវាទជាមួយ​លោកស្រីដែល​ជាមេដឹកនាំ​បក្សម្នាក់។

៧៖ ការគាំទ្រសាធារណៈមតិនានា និងឥទ្ធិពលនយោបាយ

* លោកស្រីក៏ធ្លាប់​បានប្រើប្រាស់​ពេលវេលាខ្លះ ទៅលើអង្គការសហភាព​ស៊ីវិល​ ដែលធ្វើការ​ដើម្បីការពារ​ដល់ក្រុមគូស្នេហ៍​ស្រឡាញ់ភេទដូចគ្នា ដែលវាមាន​លក្ខណៈផ្ទុយពីគោលការណ៍​ចាស់បក្សកាល​ពីមុន ដែលធ្លាប់ប្រឆាំង​មិនទទួលស្គាល់​ភាពស្របច្បាប់​ នៃការស្រឡាញ់​ភេទដូចគ្នា។
* មិនតែប៉ុណ្ណោះលោកស្រីថែមទាំងបានយល់ព្រមដោយឥត​លក្ខខណ្ឌ ទៅលើការរំលូតកូន និងលុបចោលទោស​ប្រហារជីវិតផងដែរ។
* ស្ត្រីរូបនេះត្រូវបានជាប់ចំណាប់ថ្នាក់​ ក្នុងនាមជាមនុស្ស​មានឥទ្ធិពលបំផុត​ក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៥ ដោយទស្សនាវដ្តី Time 100។
* ជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៦ លោកស្រីត្រូវបានជាប់ចំណាច់ថ្នាក់​ជាបុគ្គលដ៏មានឥទ្ធិពលទីពីរ​ក្នុងនាមជាសមាជិក​សភាអឺរ៉ុប បន្ទាប់ពីប្រធាន​សភា​អឺរ៉ុប លោក Martin៕