(ប៉េកាំង)៖ នាវាផ្ទុកយន្ដហោះចម្បាំង 001A របស់ចិនផលិតនៅក្នុងស្រុកជាលើកដំបូងបំផុត បានប៉ះផ្ទៃទឹកហើយនៅព្រឹក​ថ្ងៃពុធនេះ ក្នុងឱកាសនៃការដាក់​សម្ពោធឱ្យប្រើប្រាស់​ជាការសាកល្បងដើម្បីពិនិត្យមើលអំពីដំណើរការជាទូទៅ មុននឹងដាក់វាឲ្យប្រតិបត្តិជាផ្លូវការនៅឆ្នាំ២០១៩។ ពិធីថ្ងៃនេះត្រូវបានប្រារព្ធឡើង ក្រោមការចូលរួមដោយផ្ទាល់ពីលោក Fan Changlong អនុប្រធានគណកម្មការមជ្ឈិមយោធាចិន។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។

ប្រភពដដែល​បានឱ្យដឹងដែរថា ពិធីសម្ពោធនេះធ្វើឡើងនៅកំពង់ផែទីក្រុង Dalian ស្ថិតនៅ​ភាគឦសាន នៃខេត្ត Liaoning ប្រទេសចិនស្របពេលទីក្រុងប៉េកាំងត្រូវបានគេមើលឃើញថា​ កំពុងពង្រឹង​សមត្ថភាព​កងទ័ពរបស់ខ្លួន នៅក្នុងបរិបទ​ដែលខ្លួនកំពុងមាន​ជម្លោះដែន​ទឹក នៅឯតំបន់​សមុទ្រចិនខាងត្បូង រីឯសហរដ្ឋអាមេរិក កាន់តែពង្រីក​ឥទ្ធិពលយោធា​នៅក្នុងតំបន់។

គួរបញ្ជាក់ថា បើតាមការគ្រោង​ទុកនាវាផ្ទុកយន្ដហោះចម្បាំង 001A នឹងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាជាមួយ Liaoning ដែលជានាវា​ផ្ទុកយន្ដហោះ​ចម្បាំងដំបូងគេ​របស់ចិន ត្រូវបានដាក់​ឱ្យដំណើរការនៅ​សម្រាប់កងទ័ពរំដោះ​ប្រជាជនចិន (PLA) កាលពីឆ្នាំ២០១២។

នាវាដឹកយន្តហោះ​ចម្បាំងថ្មី​របស់ចិន អាចដាក់ទម្ងន់​បាន ៧០,០០០តោន, មានប្រវែង ៣១៥ម៉ែត្រ និងទទឹង ៧៥ម៉ែត្រ ហើយនឹងមាន​ល្បឿន ៣១ knotes។ វាធំជាងនាវា​ដឹកយន្តហោះ​ចម្បាំង Liaoning ដែលមានស្រាប់​របស់ចិនបន្តិច ដែលជារបស់​អតីតសហភាព​សូវៀត ត្រូវបានចិនទិញ​ពីអ៊ុយក្រែន​មកធ្វើ​ការជួសជុល​បន្ថែមកាល​ពីឆ្នាំ១៩៩៨៕