(សេអ៊ូល)៖ កងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង (USFK) បានដឹកនាំប្រតិបត្តិការ ដឹកជញ្ជូនបរិក្ខា​សម្រាប់តំឡើងប្រព័ន្ធ​ខែលការពារ​មីស៊ីល THAAD កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ នៅឯទីលានវាយកូនហ្គោល ក្នុងតំបន់ Seongju នៃខេត្ត Gyeongsang ខាងជើង បើទោះជាមានការ​ជំទាស់យ៉ាងខ្លាំង​ពីសំណាក់ប្រជាជន​ក្នុងតំបន់ រហូតដល់មានការប៉ះទង្គិចគ្នា​បន្តិចបន្តួចក៏ដោយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។

ការដំណើរ​ការការដាក់ពង្រាយ THAAD ធ្វើឡើងនៅ​ក្នុងបរិបទដែល​កូរ៉េខាងជើង និងសហរដ្ឋអាមេរិក កំពុងមានភាព​តានតឹងនឹងគ្នាកាន់តែខ្លំាង ​ដោយសារតែវោហាស័ព្ទបង្កសង្រ្គាមដាក់គ្នាទៅវិញទៅមក ខណៈប្រជាជន​ប្រមាណជា ២០០នាក់ នៅក្នុងតំបន់បាន​ប្រមូលផ្ដុំគ្នា ដើម្បីជំទាស់នឹងការ​ដាក់ពង្រាយនេះ ព្រមទំាងបាន​ប៉ះទង្គិចគ្នាមួយ​ប្រាវជាមួយអាជ្ញាធរទៀតផង។ ក្រុមអ្នកតវ៉ាទំាងនេះ​បានសរសេរនៅលើ បដាជាច្រើនថា «គ្មាន THAAD! គ្មានសង្រ្គាម! សហរដ្ឋអាមេរិក តើអ្នកជាមិត្ត  ឬក៏ជាកងទ័ពអាណានិគម?»

ជុំវិញបញ្ហានេះមិនមែនមានត្រឹមតែ​ប្រជាជនកូរ៉េខាងត្បូង​នោះទេ ដែលជំទាស់នឹង​ការដាក់ពង្រាយ THAAD សូម្បីតែចិន និងរុស្ស៊ីដែលជាខ្នងបង្អែក​របស់កូរ៉េខាងជើង ក៏បានប្រឆាំងដាច់​ខាតផងដែរ ក្រោមហេតុផល​សន្តិសុខជាតិ ទោះបីជា​ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន​អះអាងជាច្រើន​លើកថា THAAD មានគោលដៅតែ​ទៅលើកូរ៉េខាងជើង​តែមួយគត់​ក៏ដោយ។

គួរបញ្ជាក់ថា នៅក្នុងចំណោមបរិក្ខាដែលត្រូវដឹកជញ្ជូនទៅកាន់​ទីលានវាយកូនហ្គោល​ក្នុងតំបន់ Seongju មាន​ប្រព័ន្ធរ៉ាដា X-band និង​រថយន្ដជាជើងទម្របាញ់មីស៊ីល០៦គ្រឿង ហើយម្យ៉ាងវិញ​ទៀត ការតំឡើងនេះ​ទៀតសោត ធ្វើឡើងនៅចំពេល​ដែលនាវាផ្ទុកយន្ដហោះ​អាមេរិក USS CarlVinson នឹងមកដល់ក្បែរ​តំបន់ដែនទឹក​ឧបទ្វីបកូរ៉េ ក្នុងសប្ដាហ៍នេះ ខណៈដែលនាវាមុជទឹកបំពាក់គ្រាប់មីស៊ីល​ក៏បានមកដល់កូរ៉េខាងត្បូងតាំងពីថ្ងៃអង្គារហើយដែរ៕