(វ៉ាស៊ីនតោន)៖ ខណៈពេលដែលលោក ដូណាល់ ត្រាំ បានហៅវីដេអូខល​ដើម្បីអបអរអវកាស​យានិក​លោកស្រី Peggy Whitson ដែលបាន​បំ​បែក​កំណត់ត្រាថ្មី​ក្នុងការចំណាយ​ពេលវេលាយ៉ាងយូរ​ជាងគេបំផុត​ នៅក្នុងលំហអាកាសនោះ លោកប្រធានាធិបតី​អាមេរិក​បានឆ្លៀត​ឱកាស​​នេះ ស្នើឲ្យមាន​ការបន្ថែមល្បឿន​កាលវិភាគសម្រាប់​ការបញ្ជូនមនុស្ស​ទៅដល់លើផ្ទៃ​ដីនៃភពអង្គារ (Mars)។ នេះបើតាមការ​ចេញផ្សាយដោយ​​សារព័ត៌មាន​រុស្ស៊ី Sputnik នៅនារសៀល​ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។

ក្នុងការសន្ទនា​ខាងលើនេះ​លោក ដូណាល់ ត្រាំ បានលើក​ឡើងពាក់ព័ន្ធ​នឹងបេសកកម្ម​នៅភពអង្គារ​យ៉ាងដូច្នេះថា «យើងនឹង​ត្រូវតែ​បង្កើន​ល្បឿនវាបន្តិចថែមទៀត» ដែលប្រការនេះអាចបង្ហាញថា រូបលោកចង់ឃើញមានមនុស្សលោកយើង ជាន់លើផ្ទៃដី​របស់ភពក្រហមមួយនេះ នៅក្នុងអំឡុង​អាណត្តិទីមួយ ឬក៏អាណត្តិទីពីរ​របស់លោកក្នុងនាម​ជាប្រធានាធិបតី​សហរដ្ឋអាមេរិក។ ប៉ុន្តែលោក​ស្រី Whitson បានបញ្ជាក់ថា​កាលវិភាគសម្រាប់បេសកកម្មនេះទំនង​ជាអាចប្រព្រឹត្ត​ ទៅបានរហូតទាល់តែ​ដល់ឆ្នាំ២០៣០​ ឬក៏យូរជាងនេះ ហើយវាប្រហែល​ជា​នឹងត្រូវ​ធ្វើឡើង​ដោយក្រុមអវកាសយានិក​ជំនាន់ក្រោយ​ឯណោះទេ។

គួរបញ្ជាក់ថា យោងតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​អង្គការ NASA លោកស្រី Whitson បានបំបែក​កំណត់ត្រា​ចាស់ស្តី​ពី​ការ​ស្នាក់​នៅ​ក្នុង​ទី​អវកាស​អស់​រយៈពេលយូរជាងគេ​បំផុតដោយ​អវកាសយានិក​អាមេរិក បន្ទាប់លោកស្រី​បានស្ថិតនៅក្រៅ​ភពផែនដី​លើសពី​ ៥៣៤ថ្ងៃ។ បន្ថែម​ពីនេះ​លោក​ស្រី Peggy Whitson ក៏បានបំបែក​កំណត់ត្រាថ្មី​មួយផ្សេង​ទៀត ដោយការក្លាយ​ជាស្រ្តីដំបូងគេបំផុត ដែលបានកាន់​តួនាទី​ជា​អ្នក​បញ្ជា​គ្រប់គ្រង​​​ស្ថានីយ៍អវកាស​អន្តរជាតិ ISS ហើយគិតបញ្ចូល​ទាំងបេសកកម្ម​នាពេល​បច្ចុប្បន្ននេះ​ថែមទៀត លោកស្រីក៏​​បានក្លាយ​ជា​ស្រ្តី​​ដំបូង​គេ ដែលបានបញ្ជា​គ្រប់គ្រងស្ថានីយ៍ ISS ដល់ទៅពីរលើក​ផងដែរ៕