(អ៊ីស្រាអែល)៖ អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Moshe Ya’alon បាននិយាយថា អ៊ីស្រាអែលនៅតែបន្តប្រកាន់​គោលនយោបាយ «អាព្យាក្រឹត» នៅក្នុងជម្លោះស៊ីរី។ ក៏ប៉ុន្តែទន្ទឹមគ្នានោះ លោក Moshe ក៏បានទទួលស្គាល់ដែរថា ទីក្រុងតែលអាវីវលួចមានទំនាក់ទំនងជា​សម្ងាត់ជាមួយពួក ISIS រហូតដល់ទុកឱ្យពួកភេរវករមួយនេះ​ មានឱកាសសូមទោសអ៊ីស្រាអែល សម្រាប់ការវាយប្រហារលើកងទ័ព IDF (កម្លំាងការពារជាតិ​អ៊ីស្រាអែល) នៅឯតំបន់ Golan Heights ថែមទៀតផង។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។

ថ្លែងពីនយោបាយ «អាព្យាក្រឹត» របស់អ៊ីស្រាអែល​ចំពោះស៊ីរី លោក Moshe បានជ្រុលមាត់​ទទួលស្គាល់ថា​ ទីក្រុងតែលអាវីវលួចមានទំនាក់ទំនង និងធ្វើប្រតិបត្តិការ​ជាសម្ងាត់ជាមួយពួក ISIS នៅក្នុងតំបន់ Golan Heights។ «នៅទីនោះ (Golan Heights) នាពេលថ្មីៗ​នេះ​ពួក ISIS បានធ្វើការ​វាយប្រហារ និងសូមទោស (អ៊ីស្រាអែល)»។ នេះបើតាមសម្តីធ្លោយរបស់​លោក Moshe Ya’alon ចុះផ្សាយបន្តដោយ​សារព័ត៌មានអ៊ីស្រាអែល Times of Israel។

ទោះបីជាបែបនេះក្តី ខាងការិយាល័យរបស់លោក​មិនបានឆ្លើយតប រីឯ IDF ក៏មិនបានធ្វើ​អត្ថាធិប្បាយអ្វីដែរ នៅពេលអ្នក​សារព័ត៌មានជជីក​សួរនាំបន្ថែមពីរឿងនេះ ខណៈច្បាប់របស់ប្រទេសអ៊ីស្រាអែល​ចាត់ទុកថា ការមានទំនាក់ទំនង​ជាមួយពួកភេរវករ គឺរឿងខុសច្បាប់។

គួរបញ្ជាក់ថា លោក Moshe Ya’alon ធ្លាប់កាន់​តំណែងជារដ្ឋមន្ត្រី​ការពារអ៊ីស្រាអែល​ពីឆ្នាំ២០១៣ រហូតដល់លោក​សុំលាលែងពីតំណែង នៅខែឧសភា ឆ្នាំ២០១៦ ហើយម្យ៉ាងវិញ​ទៀត បើទោះជាអ៊ីស្រាអែលអះអាងថា​ ខ្លួនប្រកាន់​នយោបាយអព្យាក្រឹត​ក៏ដោយ ក៏នៅពេលខ្លះ​អ៊ីស្រាអែល ឆ្លៀតវាយប្រហាររតាមផ្លូវអាកាស​ម្ដងម្កាលនៅក្នុង​ប្រទេសស៊ីរី ដើម្បីទប់ស្កាត់ការ​ដឹកញ្ជូនអាវុធ​របស់ក្រុមឧទ្ទាម​ហេសប៊ូលឡា ដែលជាសត្រូវ​ដ៏ធំរបស់ខ្លួន៕