(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក ដូណាល់ ត្រាំ ទីបំផុតបានសម្រេចដាក់ទណ្ឌកម្ម​ប្រឆាំងនឹងបុគ្គល​ចំនួន ២៧១រូប ជាក់ពាក់ព័ន្ធជាមួយ​ទីភ្នាក់​ងារ​ស៊ីរី ដែលជាអ្នកទទួលបន្ទុកក្នុងការផលិតអាវុធប្រល័យ ហើយទង្វើនេះស្ថិតនៅក្នុងផ្នែកនៃចំណាត់ការរបស់សហរដ្ឋអាមេរិក ទៅលើការប្រើ​ប្រាស់អាវុធគីមី​របស់ប្រធានាធិបតីស៊ីរីលោក បាស្សា អាល់ អាស្សាដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍​ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។

ទណ្ឌកម្មដែលសំដៅដាក់​ទៅលើបុគ្គលិក​នៃមជ្ឈមណ្ឌលសិក្សា និងស្រាវជ្រាវ​ផ្នែកវិទ្យាសាស្រ្ត​របស់ប្រទេសស៊ីរី ដែលសហរដ្ឋអាមេរិក​បាន​អះអាងថា បានចូលរួម​ចំណែកអនុញ្ញាត​ដល់ការប្រើប្រាស់​អាវុធគីមី។ ជុំវិញការដាក់​ទណ្ឌកម្មនេះ​ រដ្ឋមន្រ្តីក្រសួងរតនាគារជាតិ​អាមេរិក​លោក Steve Mnuchin បានថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន​នៅឯសេតវិមានថា «រដ្ឋាភិបាលទីក្រុង​វ៉ាស៊ីនតោន កំពុងផ្ញើសារ​យ៉ាងច្បាស់មួយ​ជាមួយ​ទង្វើនេះថា យើងនឹងមិនលើកលែងឲ្យការ​ប្រើប្រាស់អាវុធគីមី​ដ៏កាចសាហាវនោះឡើយ» ហើយលោក Mnuchin បានបញ្ជាក់ថា​ វាគឺជាទណ្ឌកម្មដ៏ធំបំផុតមួយ​នៅក្នុងប្រវត្តិសាស្រ្ត​អាមេរិក។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមេសា សហរដ្ឋអាមេរិក​​បានបើកការវាយប្រហារ​​ដោយមីស៊ីល Tomahawk ចំនួន៥៩គ្រាប់ ទៅលើមូល​ដ្ឋាន​​កងទ័ពជើង​អាកាសរបស់រដ្ឋាភិបាល​​ស៊ីរី ដែលស្ថិត​នៅក្នុងភូមិ Shayrat នៃខេត្ត Hama ដែលស្ថិត​នៅ​ប្រមាណ ៤០គីឡូម៉ែត្រ​ពី​​ទីក្រុង Homs ដោយ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានអះអាងថា គឺជាការឆ្លើយតប​​ចំពោះ​ការ​​ប្រើ​ប្រាស់​អាវុធ​គីមី​​ប្រឆាំង​នឹងប្រជាជនខ្លួនឯង របស់កងយន្តហោះ​ចម្បាំងនៃរដ្ឋាភិបាល​លោក អាល់ អាស្សាដ ដែលបានឆក់​យក​អាយុ​ជីវិត​​មនុស្ស​យ៉ាង​​តិច​​៨៧នាក់ និងរបួសជាង​២០០នាក់ នៅក្នុង​ខេត្ត Idlib ភាគពាយ័ព្យ​ប្រទេសស៊ីរី៕