(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងបើកការស៊ើបអង្កេត​ ជុំវិញសេចក្ដីរាយការណ៍ដែលថា ពលរដ្ឋរបស់ខ្លួនទី០៣ ត្រូវបានកូរ៉េខាងជើងចាប់ខ្លួន​កាលពីសប្ដាហ៍មុន ខណៈមូលហេតុនៃការចាប់ខ្លួន​ ពុំទាន់ត្រូវបានទម្លាយឱ្យដឹងនៅឡើយទេ។ ព្រមពេលជាមួយគ្នាទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ខ្លួននឹង មិនអនុញ្ញាតឱ្យទីក្រុងព្យុងយ៉ាង ប្រើប្រាស់ការចាប់ខ្លួននេះ​ទុកជម្រិតឲ្យមានការចរចាគ្នានោះឡើយ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។  

យោងតាមក្រុម​មន្ត្រីកូរ៉េខាងត្បូង ពលរដ្ឋអាមេរិកដើមកំណើតកូរ៉េម្នាក់ ដែលត្រូវបាន​អាជ្ញាធរកូរ៉េខាងជើង​ចាប់ខ្លួនកាល​ពីថ្ងៃទី២១ ខែមេសា មានឈ្មោះថា Tony Kim ឬ Sang-duk Kim អាយុ​ប្រហែល២០ឆ្នំា ហើយរូបគេ​ត្រូវបានឃាត់ខ្លួន​នៅឯអាកាសយានដ្ឋាន​អន្តរជាតិ ទីក្រុងព្យុងយ៉ាង អំឡុងពេល​ត្រៀមចាកចេញ​ពីប្រទេសកុម្មុយនីស្ដ​មួយនេះ បន្ទាប់ពីបាន​បំពេញការងារជាគ្រូបង្រៀន អស់​រយៈពេលជាច្រើនសប្ដាហ៍នៅឯ​សកលវិទ្យាល័យ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងព្យុងយ៉ាង (PUST)។  

លោក Tony Kim ក៏ធ្លាប់ធ្វើការងារ​ជាសាស្រ្តាចារ្យ នៅឯសកលវិទ្យាល័យ​បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ Yanbian ក្នុងប្រទេសចិន មុននឹងក្លាយជាអ្នកដឹកនាំ​សកម្មភាពជំនួយ​មនុស្សធម៌សម្រាប់កូរ៉េខាងជើង។

គួរបញ្ជាក់ថា លោក គីម គឺជាពលរដ្ឋអាមេរិក​ទី០៣ហើយ ត្រូវបានចាប់ឃុំខ្លួន​នៅកូរ៉េខាងជើង បន្ទាប់ពី លោក Kim Dong-chul និងនិស្សិត​អាមេរិក ម្នាក់ទៀតឈ្មោះ Otto Warmbier ដែលត្រូវបាន​កាត់ទោស និងឃុំខ្លួនពីបទចោទ​ប្រកាន់ថា បានធ្វើសកម្មភាព​ប្រឆាំងនឹងរដ្ឋាភិបាល លោក គីម ជុងអ៊ុន។ ដោយឡែក ក្រុមអ្នកជំនាញ​លើសំណុំរឿង​កូរ៉េខាងជើង​មួយចំនួន​យល់ថា ទីក្រុងព្យុងយ៉ាង អាចនឹងប្រើការ​ចាប់ខ្លួន​ពលរដ្ឋអាមេរិក ដើម្បី​ចរចាជាមួយ​សហរដ្ឋអាមេរិក​នៅថ្ងៃណាមួយ។

ទោះបីជាយ៉ាងនេះក្ដី​អគ្គរដ្ឋទូត​អាមេរិកប្រចាំ UN លោកស្រី Nikki Haley បានអះអាងថា​ សហរដ្ឋអាមេរិក នឹងមិនបណ្ដោយឱ្យទីក្រុងព្យុងយ៉ាង យកការចាប់ខ្លួនពលរដ្ឋរបស់ខ្លួន ទុកចរចាជាដាច់ខាត ហើយថាកិច្ចចរចា​អាចធ្វើទៅបាន ដរាបណា​កូរ៉េខាងជើង មានសុច្ឆន្ទៈ​បោះបង់ចោល​កម្មវិធីនុយក្លេអ៊ែរ៕