(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានដឹកនាំការធ្វើសមយុទ្ធបាញ់កាំភ្លើងធំទ្រង់ទ្រាយធំ នៅក្នុងតំបន់មួយនៃទីក្រុង Wosan បន្ទាប់ពីបានព្រមានថា សមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនអាចបោស​សំអាត មូលដ្ឋានទ័ពអាមេរិក​ក្នុងតំបន់អាស៊ី​ប៉ាស៊ីហិ្វក ព្រមទំាងសហរដ្ឋអាមេរិក​ទំាងមូលតែម្ដង។ នេះបើ តាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន ​យ៉ុនហាប់ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។

យោងតាម​យ៉ុនហាប់ កូរ៉េខាងជើងបានធ្វើសមយុទ្ធ​បាញ់កាំភ្លើងធំ នៅតំបន់ឆ្នេរ​នៃទីក្រុង Wonsan ស្ថិតនៅភាគ​ខាងកើត​នៃប្រទេស ក្នុងឱកាសនៃ​ការប្រារព្ធខួប​ទី៨៥ ថ្ងៃបង្កើតកងទ័ព​កូរ៉េខាងជើង រីឯលោកគីម ជុងអ៊ុន ក៏ទំនងជាមានវត្តមាន​នៅក្នុងសមយុទ្ធ​នេះដែរ។ ដោយឡែក​ទាក់ទិននឹងភាព តានតឹងនៅ​ឧបទ្វីបកូរ៉េ​នេះដែរ នាវាចម្បាំង​អាមេរិក USS Carl Vinson  ត្រូវបានគេ​រាយការណ៍ថា កំពុងធ្វើដំណើរ​តម្រង់ទៅកាន់​តំបន់ដែនទឹកឧបទ្វីបកូរ៉េ។ បន្ថែមពីនេះទៀត កូរ៉េខាងជើងព្រមានថា នឹងបាញ់ពន្លិចនាវាដឹកនាំយន្តហោះចម្បាំងអាមេរិក បើសិនជាហ៊ានចូលក្នុងតំបន់ដែនទឹកឧបទ្វីបកូរ៉េ។  

គួរបញ្ជាក់ថា ​កូរ៉េខាងជើង​កំពុងប្រារព្ធខួបទី៨៥នៃថ្ងៃបង្កើត​កងទ័ពរបស់ខ្លួន នៅក្នុងបរិបទ​ដែលការព្រួយបារម្ភ​នៃសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ICBM ចេះតែកើនឡើង​ជាលំដាប់ ខណៈទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន កំពុងស្ថិតនៅក្នុង​ស្ថានភាពប្រុងជើងការ និងគំរាមកំហែង​ដាក់គ្នា​ទៅវិញមកពីលទ្ធភាព​បំផ្ទុះសង្រ្គាម។ សម្រាប់ការព្រមាននៅថ្ងៃអង្គារនេះតែម្តង គឺទីក្រុងព្យុងយ៉ាង បានផ្តល់ជំរើសឲ្យទីក្រុងវ៉ាស៊ីនតោនចំនួន២ នោះគឺចុះចាញ់តាមផ្លូវនយោបាយ ឬក៏កម្លាំងយោធា៕