(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុននៅថ្ងៃអង្គារនេះ បានចាប់ផ្តើមការសាងសង់ជញ្ជាំងខ័ណ្ឌទឹកសមុទ្រ ដើម្បីហ៊ុមព័ទ្ធទីតាំង​មួយកន្លែង នៅក្នុងតំបន់​ឆ្នេរ​​នៃកោះអូគីណាវ៉ា សម្រាប់ការផ្លាស់ប្តូរដ៏ចម្រូងចម្រាស​នៃមូលដ្ឋានយោធា ចំពោះមុខការ​ខឹងសម្បារ​របស់ប្រជាពលរដ្ឋ​ដែលរស់នៅទីនោះ​។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។

ការិយាល័យ​ការពារជាតិ​ប្រចាំ​កោះអូគីណាវ៉ា បានបើកប្រតិបត្តិការ​ទ្រង់ទ្រាយធំ ដើម្បីកសាង​ជញ្ជាំងក្នុង​ផ្ទៃសមុទ្រ នៅជុំវិញទីតាំង​មួយកន្លែង​ ដែលនឹងត្រូវចាក់ដី​ក៏ដូចជាខ្សាច់លប់​បំពេញដើម្បីទប់ស្កាត់​ការទឹកសមុទ្រហូរចេញ។ ការងារស្តារ​យកដី​ និងការសាងសង់​នាពេលអនាគត​ផ្សេងៗទៀត គឺធ្វើឡើង​ដើម្បីជួយសម្រួល​ដល់គំរោងការផ្លាស់ប្តូរ​មូលដ្ឋានទ័ព​អាកាស Futenma របស់កងម៉ារីន​សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បន្ទាយ Futenma បច្ចុប្បន្ននេះ​ស្ថិតក្នុង​ទីក្រុង Ginowan ដែលសម្បូរ​ទៅដោយ​មនុស្សរស់នៅ នៅលើកោះ​អូគីណាវ៉ា ហើយ​វា​នឹង​ត្រូវប្តូរ​ទីតាំងទៅ​កាន់តំបន់ឆ្នេរ Henoko នៃទីក្រុង Nago City ខណៈប្រជាជន​ទៅទីនោះផ្ទុះការ​ខឹងសម្បារ​ និងប្រឆាំង​ជំទាស់ជា​ដាច់ខាត៕