(ស៊ីរី)៖ សុវត្ថិភាពប្រជាជនស៊ីវិលស៊ីរី ៤០០,០០០នាក់ នៅក្នុងទីក្រុងរ៉ាកកា ជាទីដែលកងកម្លាំងប្រឆាំងស៊ីរី គំាទ្រដោយសហរដ្ឋអាមេរិក កំពុងទម្លាក់គ្រាប់បែកលើពួក ISIS បានបង្កជាការព្រួយបារម្ភយ៉ាងធំធេង សម្រាប់អង្គការសហប្រជាជាតិ UN ខណៈជនស៊ីវិលជាច្រើននៅតែ បន្តរងគ្រោះរីឯហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លាញ យ៉ាងដំណុំ។ នេះបើតាមអ្នកនាំពាក្យអគ្គលេខាធិការ UN​ ដកស្រង់ដោយសារព័ត៌មាន Russian Today (RT) នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន RT​ លោក Farhan Haq បានគូសបញ្ជាក់ថា «កាលពីប៉ុន្មានសប្ដាហ៍មុន ជនស៊ីវិលជាច្រើននាក់បានបាត់បង់ ជីវិត និងរងរបួស ហើយហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនធំ ក្នុងនោះមានទំាងសាលារៀន មន្ទីរពេទ្យ ផ្សារ និងស្ថានីយ៍ផ្គត់ផ្គង់ទឹក​ត្រូវបានបំផ្លាញដោយសារតែ​ការវាយប្រហារ​តាមផ្លូវអាកាស ដែលនេះបានបង្ក​ជាក្ដីកខ្វល់​យ៉ាងខ្លាំង (...) ដូច្នេះ យើងពិត​​ត្រូវការ​ការបញ្ជាក់ឱ្យ​ច្បាស់ថា គ្រប់ភាគីជម្លោះ​ទំាងអស់​ធ្វើសកម្មភាពរបស់ខ្លួន​ ដោយឈរ​លើមូលដ្ឋាន​មនុស្សធម៌  ដើម្បីកុំឱ្យ​ជនស៊ីវិល​នៅតែបន្តរងគ្រោះ នៅក្នុង​ការវាយប្រហារ​តាមផ្លូវអាកាសប្រឆាំង​នឹងពួក ISIS»

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ សង្រ្គាមស៊ីវិល​ស៊ីរីបច្ចុប្បន្ន មិនមែនត្រឹមតែ​ជាសង្រ្គាមបង្ហូឈាម រវាងក្រុមប្រឆាំង​ និងរដ្ឋាភិបាលស៊ីរី​នោះទេ។ ក៏ប៉ុន្តែពេលនេះ​វាបានក្លាយទីលាន​ដណ្ដើមឥទ្ធិពល និងបង្កើតបក្ស​សម្ព័ន្ធទៅហើយ។ ជាក់ស្ដែងនៅ​ក្នុងសង្រ្គាមនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត លោកខាងលិច​គំាទ្រក្រុម​ប្រឆាំងស៊ីរី រីឯរុស្ស៊ី និងអ៊ីរ៉ង់គំាទ្រ​រដ្ឋាភិបាល លោកប្រធានាធិបតី​ បាស្សា អាល់ អាស្សាដ៕