(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់សម្ពាធលើក្រុមសមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យឱ្យអនុម័តលើ កញ្ចប់ថវិកាសម្រាប់គំរោងសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិចស៊ីកូ ដែលលោកបានសន្យា ខណៈបញ្ហានេះកំពុងបង្កការខ្វែងគំនិតគ្នាយ៉ាងខ្លំាងនៅក្នុងចំណោមអ្នកនយោបាយ​អាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។

ចាប់តាំងពី​បានឡើងកាន់អំណាច​ជាប្រធានាធិបតី លោក ដូណាល់ ត្រាំ បាន និងកំពុងប្រឈមមុខ​នឹងបញ្ហាជាច្រើន​នៅក្នុងស្រុក​ជាពិសេស នោះគឺបន្ទាប់ពី​បទបញ្ជាលុបចោល​ច្បាប់ Obamacare ត្រូវបាន​រាំងខ្ទប់។ ជាងនេះ​ទៅទៀត បើទោះជា​គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រងសភាទំាងពីរ របស់សហរដ្ឋអាមេរិកក៏ដោយ ក៏លោកនៅតែ​ជួបការលំបាក​ក្នុងការអនុម័ត​លើច្បាប់មួយ​ចំនួនដដែល រួមទំាង​កញ្ចប់ថវិកាសាងសង់ជញ្ជាំង​ព្រំដែន ដែលលោកផ្ទាល់​ធ្លាប់បានដាក់សម្ពាធ​លើម៉ិចស៊ីកូ ចេញលុយសាងសង់​ជញ្ជាំងព្រំដែនេះ ក៏ប៉ុន្តែខាងម៉ិចស៊ីកូបានបដិសេធ​ជាដាច់ខាត។

គួរបញ្ជាក់ថា បើតាមការវាយ​តម្លៃរបស់ក្រសួង​សន្តិសុខមាតុភូមិ គំរោងសាងសង់​ជញ្ជាំងព្រំដែន​ជាមួយម៉ិចស៊ីកូ ត្រូវចំណាយប្រាក់​ប្រមាណ ២១.៦ពាន់លានដុល្លារ៕