(វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែរៀបចំដើម្បីដាក់ទណ្ឌកម្មធ្ងន់ធ្ងរថ្មីបន្ថែមទៀត ប្រឆាំងនឹងកូរ៉េខាងជើង ខណៈភាពតានតឹងកំពុងកើនឡើង ស្តីពីកម្មវិធីនុយក្លេអ៊ែ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។ នេះបើតាមសម្តីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងនៅថ្ងៃចន្ទនេះ មុនពេលពិធីទទួលទានអាហារមួយជាមួយក្រុមឯកអគ្គរដ្ឋទូត ដែលមកពីបណ្តាប្រទេសដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។

លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានទទួលបរាជ័យផងដែរ ក្នុងការចាត់វិធានការ ឆ្លើយតបទៅនឹង ការវាយប្រហារដោយអាវុធគីមី នៅក្នុងប្រទេសស៊ីរី នាពេលថ្មីៗកន្លងទៅនេះ ដោយលោកប្រធានាធិបតី បានបញ្ជាក់ថា «លោកពិតជាមានការ ខកចិត្តជាខ្លាំង»

​«ស្ថានភាពនៅកូរ៉េខាងជើង ក៏មិនអាចទទួលយកបាន ហើយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ត្រូវតែរៀបចំ ដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀត ហើយដាក់ទណ្ឌកម្ម ឲ្យកាន់តែធ្ងន់ធ្ងរ ទៅលើកម្មវិធីគ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង»។ នេះបើតាមការស្រង់សម្តីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។​

លោកបន្ថែមថា «នេះគឺជាការគម្រាមកំហែងចំពោះពិភពលោក, តើទង្វើបែបនេះយើងគួរតែជជែកពីវាគឺក៏អត់?, កូរ៉េខាងជើង គឺជាបញ្ហាដ៏ធំមួយរបស់ពិភពលោក ហើយវាគឺជាបញ្ហា ដែលយើងត្រូវតែដោះស្រាយដើម្បីបញ្ចប់វា»។

សូមជំរាបថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានបញ្ជាក់អះអាងថា ខ្លួននឹងនៅតែបន្តអភិវឌ្ឍន៍​អាវុធនុយក្លេអ៊ែរ​ទៅមុខទៀត សម្រាប់ការពារខ្លួនប្រឆាំងនឹងការគំរាមកំហែង ផ្នែកយោធា ពីសំណាក់​សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាល្ងាចថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។

សារព័ត៌មានផ្លូវការ​របស់រដ្ឋាភិបាលទីក្រុង​ព្យុងយ៉ាង​ឈ្មោះថា Rodong Sinmum បានលើកឡើង​នៅក្នុងសេចក្តីអត្ថា​ធិប្បាយរបស់​ខ្លួនថា ​ការ​បោះជំហាន​របស់អាមេរិក ក្នុងការបញ្ជូន​នាវាផ្ទុក​យន្តហោះចម្បាំង​ និងនាវាចម្បាំង​ប៉ុន្មានគ្រឿងមកកាន់​ឧបទ្វីបកូរ៉េ ជាទង្វើគ្រោះថ្នាក់​ជាទី​បំផុត។ ​Rodong Sinmunm បានបញ្ជាក់​យ៉ាងដូច្នេះថា «ការគំរាម​កំហែងដោយ​បើកចំហប្រឆាំង​នឹងកូរ៉េខាងជើង គឺជាសកម្មភាព​ដ៏គ្រោះថ្នាក់​មួយ​ ដែលកំពុង​រុញច្រាន​ឧបទ្វីបកូរ៉េឲ្យ​ធ្លាក់ទៅក្នុងភាព​មិនច្បាស់លាស់។ ប៉ុន្តែជំហរ​យ៉ាងរឹងមាំ​ឥតងារេនោះគឺឆន្ទៈដ៏មុះមុត របស់កងទ័ព​ព្រមទាំង​​ប្រជាពលរដ្ឋ​កូរ៉េខាងជើង រួមជាមួយ​ការតាំងចិត្ត ដើម្បីកម្ចាត់​ពួកឈ្លានពាន​ឲ្យអស់មិនឲ្យមានសល់សូម្បីតែម្នាក់ ក៏ដូចជា​តទល់ជា​មួយសហរដ្ឋ​អាមេរិក តាមរយៈពេល​បង្កើនសមត្ថភាពនុយក្លេអ៊ែរ​សម្រាប់​ការពារខ្លួន»៕