(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក ហ្រ្វង់ស័រ ហូឡង់ នៅថ្ងៃចន្ទនេះ បានបញ្ជាក់ថា លោកនឹងបោះឆ្នោតឱ្យលោក អែមម៉ានុយអែល ម៉ាក្រុន (Emmanuel Macron) ​នៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី០២ ហើយថាបើសិនជាលោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ជាប់ឆ្នោត ជាប្រធានាធិបតី នោះវានឹងក្លាយជាហានិភ័យមួយសម្រាប់ប្រទេសបារាំង។  នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៤​ ខែមេសា ឆ្នាំ២០១៧។

ថ្លែងក្នុងសារមួយផ្ញើជូនជនរួមជាតិបារាំងពីវិមាន Elysee​ លោក ហូឡង់ បានលើកឡើងដូច្នេះថា៖ «ការអំពាវនាវគឺជារឿងចាំបាច់ ក៏ប៉ុន្តែក៏ត្រូវតែមានភាព ច្បាស់លាស់ផងដែរក្នុងការជ្រើសរើស (...) សម្រាប់ខ្ញុំ ខ្ញុំនឹងបោះឆ្នោតឱ្យ លោក អែមម៉ានុយអែល ម៉ាក្រុន ត្បិតរូបគាត់គឺជាអ្នកការពារតម្លៃ ដែល នឹងនាំទៅរកការបង្រួបបង្រួមប្រជាជនបារាំង ខណៈអ្នកនយោបាយស្ដាំនិយមជ្រុល (លោកស្រី ម៉ារីន ឡឺប៉ែន) អាចនឹងក្លាយជាហានិភ័យបង្កឱ្យមានការ បាក់បែកនយោបាយផ្ទៃក្នុងនៅអឺរ៉ុបទំាងមូល ក៏ដូចជាបារាំង»

គួរបញ្ជាក់ថា លោកស្រី ឡឺប៉ែន និងលោក ម៉ាក្រុន នឹងត្រូវប្រឈមមុខដាក់គ្នាជាថ្មីម្ដងទៀត នៅក្នុងការបោះឆ្នោតជុំទី០២ នៅថ្ងៃទី០៧ ខែឧសភា។ ដោយ ឡែក បើតាមការស្ទង់មតិជាច្រើន លោក ម៉ាក្រុន អាចនឹងផ្ដួល លោកស្រី ឡឺប៉ែន នៅក្នុងការបោះឆ្នោតនេះ។ ក៏ប៉ុន្តែយ៉ាងក៏ដោយគេមិនអាចមើលរំលង បានឡើយពីវោហាសព្ទស្នេហាជាតិ របស់អ្នកនយោបាយស្ដាំនិយមជ្រុលរូបនេះ ដែលកំពុងចាក់ចំបញ្ហាដែលបារាំងផ្ទាល់កំពុងប្រឈមមុខដូចជាវិបត្តិជនភៀសខ្លួន និងការវាយប្រហារភេរវកម្មជាដើម៕