(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានបញ្ជាក់អះអាងថា ខ្លួននឹងនៅតែបន្តអភិវឌ្ឍន៍​អាវុធនុយក្លេអ៊ែរ​ទៅមុខទៀត សម្រាប់ការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធា ពីសំណាក់​សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាល្ងាចថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។

សារព័ត៌មានផ្លូវការ​របស់រដ្ឋាភិបាលទីក្រុង​ព្យុងយ៉ាង​ឈ្មោះថា Rodong Sinmum បានលើកឡើង​នៅក្នុងសេចក្តីអត្ថា​ធិប្បាយរបស់​ខ្លួនថា ​ការ​បោះជំហាន​របស់អាមេរិក ក្នុងការបញ្ជូន​នាវាផ្ទុក​យន្តហោះចម្បាំង​ និងនាវាចម្បាំង​ប៉ុន្មានគ្រឿងមកកាន់​ឧបទ្វីបកូរ៉េ ជាទង្វើគ្រោះថ្នាក់​ជាទី​បំផុត។ ​Rodong Sinmunm បានបញ្ជាក់​យ៉ាងដូច្នេះថា «ការគំរាម​កំហែងដោយ​បើកចំហប្រឆាំង​នឹងកូរ៉េខាងជើង គឺជាសកម្មភាព​ដ៏គ្រោះថ្នាក់​មួយ​ ដែលកំពុង​រុញច្រាន​ឧបទ្វីបកូរ៉េឲ្យ​ធ្លាក់ទៅក្នុងភាព​មិនច្បាស់លាស់។ ប៉ុន្តែជំហរ​យ៉ាងរឹងមាំ​ឥតងារេនោះគឺឆន្ទៈដ៏មុះមុត របស់កងទ័ព​ព្រមទាំង​​ប្រជាពលរដ្ឋ​កូរ៉េខាងជើង រួមជាមួយ​ការតាំងចិត្ត ដើម្បីកម្ចាត់​ពួកឈ្លានពាន​ឲ្យអស់មិនឲ្យមានសល់សូម្បីតែម្នាក់ ក៏ដូចជា​តទល់ជា​មួយសហរដ្ឋ​អាមេរិក តាមរយៈពេល​បង្កើនសមត្ថភាពនុយក្លេអ៊ែរ​សម្រាប់​ការពារខ្លួន»

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ​របបដឹកនាំ​ទីក្រុងព្យុងយ៉ាង បានបង្កើន​សង្រ្គាមវោហាសាស្រ្ត​របស់ខ្លួនជាខ្លាំង​ទៅលើសហរដ្ឋអាមេរិក ដោយ​បានប្តេជ្ញាថា​ នឹងវាយប្រហារតបត​ដោយអាវុធ​នុយក្លេអ៊ែរ នៅចំពេល​ដែលភាពតានតឹងកើន​ឡើងយ៉ាងក្តៅគគុក​នៅឧបទ្វីបកូរ៉េ ខណៈ​ក្រុម​​នាវាយោធាដឹកនាំ​ដោយនាវាផ្ទុកយន្តហោះ​ចម្បាំងអាមេរិក កំពុងធ្វើដំណើរ​ឆ្ពោះមកកាន់​ឧបទ្វីបកូរ៉េ ដើម្បីចាំឃ្លាំមើលការ​ប៉ុនប៉ងធ្វើតេស្ត​​អាវុធនុយក្លេអ៊ែរ​ និងមីស៊ីលផ្លោង​បន្ថែមទៀតរបស់​កូរ៉េខាងជើង៕