(អាមេរិក)៖ បន្ទាប់ពីត្រូវបាន​បាញ់បង្ហោះទៅកាន់​លំហអាកាស​ អស់រយៈពេល២៧ឆ្នាំមក​ហើយនោះ កែវយឺតអវកាស Hubble របស់អង្គការ NASA នៅតែបន្តថត​យកបាននូវ​ទស្សនីយភាព​ដ៏អស្ចារ្យរបស់​ចក្រវាឡដដែល ដោយកែវយឺត​អវកាសនេះ ដែលត្រូវបាន​បញ្ជូនទៅកាន់​គន្លង​​នៃភពផែនដី​ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩០ បានអបអរខួបកំណើត​របស់វានៅក្នុង​ឆ្នាំនេះ ជាមួយការបង្ហាញ​រូបភាពដ៏ថ្មី​សន្លាងនៃកាឡាក់​ស៊ីចំនួន​មួយគូ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ គេហទំព័រ​វិទ្យាសាស្រ្ត Space.com នៅមុននេះ​បន្តិចនា​រសៀល​ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។

ដើម្បីអបអរថ្ងៃ​គំរប់ខួបរបស់​កែវយឺត Hubble នាពេលថ្មីៗនេះ​ទីភ្នាក់ងារអវកាស NASA បានបញ្ចេញ​រូបភាពប៉ុន្មាន​សន្លឹក បង្ហាញពីកាឡាក់ស៊ី​​មួយគូមាន​ឈ្មោះថា NGC 4302 និង NGC 4298 ជាកាឡាក់ស៊ីពីរ​ដែលនៅក្បែរ​ខាងគ្នា ហើយមានទម្រង់​ទ្រង់ទ្រាយ​​ និងរចនា​សម្ព័ន្ធ​ប្រហាក់​​ប្រហែល​គ្នា ក៏ប៉ុន្តែរូបរាង​របស់ពួកវាគឺផ្ទុយស្រទះ​ពីគ្នាទាំងស្រុង។ កាឡាក់ស៊ី NGC 4298 មើលទៅជាក់​ស្តែងគឺជាកាឡាក់ស៊ី​ប្រភេទ Spiral ដែល​មាន​​លក្ខណៈជារង្វង់​គួច​ដូចទៅនឹង​កាឡាក់ស៊ី Milky Way របស់យើង​ដែរ ប៉ុន្តែ NGC 4302 បែរជា​មានរូបរាងដូច​​ទៅ​នឹង​ដំបង​​ភ្លឺ​ចែង​ចាំង​នៃប្រជុំផ្កាយ​ទៅវិញ ប្រហែលដោយសារតែ​យើងមើលឃើញ​កាឡាក់ស៊ី NGC 4302 ពីជ្រុងចំហៀង ទោះបីជាតាមពិត​ទៅវាមានរាង​ជារង្វង់ក៏​ដោយ។

ក្រុមអ្នកវិទ្យាសាស្រ្ត​នៃកែវយឺត​អវកាស Hubble បានចេញសេចក្តីថ្លែងការណ៍ថា «កាឡាក់ស៊ី​មួយគូនេះ​បានផ្តល់ជា​គំនិតថា តើកាឡាក់ស៊ី​ Milky Way របស់យើងនឹងត្រូវបានមើលឃើញ​បែបណា​ពីកាឡាក់ស៊ី​ដទៃៗទៀត»។ NGC 4298 និង NGC 4302 ស្ថិតនៅចម្ងាយ​​ប្រហែល​ ៥៥លានឆ្នាំពន្លឺ ដែលអាចមើលឃើញ ទៅក្នុងប្រជុំផ្កាយ Coma Berenices ដែលត្រូវបាន​គេស្គាល់ថាជា «The Wig»។

ទាក់ទងនឹង​កាឡាក់ស៊ី​ទាំងពីរនេះ តារាវិទូដ៏ល្បី​ឈ្មោះមួយរូប​គឺលោក William Herschel បានរកឃើញពួកវា​ជាលើកដំបូង​កាលពីឆ្នាំ១៧៨៤ ប៉ុន្តែលោកបាន​ហៅពួកវាថា​ជា Nebula (បណ្តុំឧស្ម័ន​ និងធូលីនៅទីអវកាស) ទៅវិញ ពីព្រោះតែ​លោកពុំបានដឹងថា​ ពួកវាគឺជា​កា​ឡាក់​ស៊ី ដែល​ស្ថិតនៅដ៏សែន​ឆ្ងាយនោះឡើយ។ ទើបកន្លងផុត​ទៅជាងមួយសតវត្សរ៍​ក្រោយមក តារាវិទូមួយរូប​ទៀតឈ្មោះ Edwin Hubble បាន​​ជ្រាប​ថា​ ​តាម​ពិត​ទៅ NGC 4298 និង NGC 4302 គឺជាកាឡាក់​ស៊ីវិញទេ ហើយមួយសតវត្ស៍​ក្រោយទៀត​អង្គការ NASA ក៏បានដាក់ឈ្មោះ​កែវយឺត​ Hubble តាមឈ្មោះ​តារាវិទូរូបនេះ។

គួរបញ្ជាក់ថា កែវយឺតអវកាស Hubble គឺជាគំរោងរួមគ្នាមួយរវាងទីភ្នាក់ងារអវកាសអាមេរិក NASA និងទីភ្នាក់ងារអវកាសសហភាពអឺរ៉ុប ESA ហើយចាប់តាំងពីវាត្រូវបានបាញ់បង្ហោះកាលពី​២៧ឆ្នាំមុនមក កែវយឺត Hubble បានផ្តិតយករូបភាពវត្ថុ​អវកាសមិនតិចជាង៤២,០០០​នោះ​ឡើយ ខណៈពេលដែលវា​បានធ្វើដំណើរជុំវិញភពផែនជិត​ ១៤៨,០០០ដងផងដែរ៕