(កាប៊ុល)៖ ជនសកម្មប្រយុទ្ធ ISIS ចំនួន ៣៧នាក់ ទើបតែបានបាត់បង់អាយុជីវិត នៅអំឡុង​ប្រតិបត្តិការ​យោធាឥតឈប់ឈរមួយ ក្នុងខេត្ត Nangarhar ភាគខាងកើត​ប្រទេស​អាហ្វហ្គានីស្ថាន។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​​នា​​​រសៀលថ្ងៃចន្ទ ទី២៤​ ខែមេសា ឆ្នាំ២០១៧។

យោងតាមសេចក្តីថ្លែងការណ៍​របស់ កងទ័ពជើងគោក​អាហ្វហ្គានីស្ថាននាថ្ងៃចន្ទនេះ ជនសកម្មប្រយុទ្ធ ISIS សរុបទាំងអស់​ ៣៧នាក់ ត្រូវបាន​កម្ចាត់ចោល ក្រោយការ​វាយប្រហារ​តាមផ្លូវអាកាស និងការ​ប៉ះទង្គិចគ្នា​តាមផ្លូវគោកជាមួយកងកម្លាំងសន្តិសុខជាតិ នៅអំឡុងប្រតិបត្តិការ​យោធាឥតឈប់ឈរ​ក្នុងស្រុក Achin នៃខេត្ត Nangarhar គិតត្រឹមរយៈពេល​២៤ម៉ោងចុង​ក្រោយនេះ។ ម៉្យាងវិញទៀត​ប្រតិបត្តិការនេះ​ នឹង​ប្រព្រឹត្ត​ទៅរហូតទាល់តែតំបន់នេះ ត្រូវបានកម្ចាត់អស់​ពីពួកសកម្មប្រយុទ្ធ ហើយពុំមាន​សមាជិកនៃ​កងកម្លាំងសន្តិសុខ​ ឬជនស៊ីវិលណា​ម្នាក់ត្រូវទទួលរងរបួស​នោះឡើយ។

គួរបញ្ជាក់ថា ខេត្តតំបន់ភ្នំខាងលើនេះដែលស្ថិតនៅចម្ងាយប្រមាណ​ ១២០គីឡូម៉ែត្រពីរដ្ឋធានីកាប៊ុល បានក្លាយជា​កន្លែងប៉ះទង្គិចគ្នា​រវាងកងទ័ព​អាហ្វហ្គានី​ស្ថាន​ និងក្រុមភេរវករ ISIS ចាប់តាំងតែ​ពួកសកម្មប្រយុទ្ធ​នេះ​បានកកើតឡើង​នៅទីនោះ កាលពីអំឡុង​ដើមឆ្នាំ២០១៥មកម៉្លេះ៕