(សេអ៊ូល)៖ ក្រសួងបង្រួបប្រង្រួមជាតិកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានឱ្យដឹងថា គ្មានស្ថានភាពខុសប្រក្រតី​អ្វីកើតឡើងឡើយនៅកូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាងត្រូវបានគេរំពឹងទុកថា អាចនឹងដឹកនាំ​ការសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី០៦ ឬក៏មីស៊ីលផ្លោង នៅក្នុងឱកាសនៃការប្រារព្ធខួបទី៨៥ នៃការ បង្កើតកងទ័ពប្រជាជនកូរ៉េ​នៅថ្ងៃអង្គារស្អែកនេះ។ នេះបើតាមការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន អ្នកនាំពាក្យ​ក្រសួងខាងលើ លោក Lee Duk-haeng បានលើកឡើងដូច្នេះថា «ខណៈកូរ៉េខាងជើងត្រៀមប្រារព្ធខួបលើកទី៨៥ នៃថ្ងៃបង្កើត​កងទ័ពកូរ៉េខាងជើង មិនមាន​សញ្ញាខុសប្រក្រតីកើតមាន​នៅកូរ៉េខាងជើង​នោះទេ»។ ប៉ុន្តែព្រមពេល​ជាមួយគ្នា ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើង​ក៏បានអំពាវនាវផងដែរ​ឱ្យប្រជាជនរបស់ខ្លួន​ បង្ហាញពីភក្ដីភាព​ចំពោះលោក គីម ជុង អ៊ុន នៅក្នុងបរិបទ​ដែលទីក្រុងព្យុងយ៉ាង​អះអាងថា បានត្រៀមខ្លួនជា​និច្ចដើម្បី​ធ្វើសង្រ្គាមនុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក។

ជាងនេះទៅទៀត ស្របពេល​នាវាផ្ទុកយន្ដហោះ​ចម្បាំង Carl Vinson​ អាចនឹងធ្វើដំណើរទៅជិតតំបន់​ដែនទឹក​ឧបទ្វីបកូរ៉េ​នៅក្នុង​សប្ដាហ៍នេះ កូរ៉េខាងជើង បានព្រមាន​ត្រង់ៗថា​ នឹងបាញ់ពន្លិច Carl Vinson បើសិនជា​នាវាអាមេរិក​មួយនេះ ហ៊ានចូល​ក្នុងដែនទឹក​ឧបទ្វីបកូរ៉េ។

គួររំលឹកថា កូរ៉េខាងជើង​មិនបានសាកល្បង​អាវុធនុយក្លេអ៊ែរ​ឡើយ ដោយគ្រាន់តែ​ធ្វើការបង្ហាញពី គ្រាប់មីស៊ីល​អន្តរទ្វីប ICBM និងសព្វាវុធ​របស់ខ្លួនប៉ុណ្ណោះ នៅឯព្យុហយាត្រា​យោធា​ក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៥ ខែមេសា នាឱកាសប្រារព្ធ​ខួបកំណើតលើក​ទី១០៥ នៃបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង (ជីតារបស់លោក គីម ជុងអ៊ុន)៕