(ព្យុងយ៉ាង)៖ នាពេលថ្មីៗនេះរដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោកស្រី Julie Bishop បានឆ្លើយតបទៅកាន់​ របបដឹកនាំទីក្រុងព្យុងយ៉ាងថា កូរ៉េ​ខាង​​ជើង ​គួរតែផ្តោតការយកចិត្តទុកដាក់បន្ថែមទៅលើការអភិវឌ្ឍ ប្រទេស ក៏ដូចជាការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ និង​សុ​ខុ​មាល​ភាព​នៃ​ប្រ​ជាជន​​​របស់​ខ្លួនវិញទៅ ជាជាងការខំប្រឹងប្រែងអភិវឌ្ឍន៍អាវុធប្រល័យលោកនោះ បន្ទាប់ពីរដ្ឋកុម្មុយនិស្តមួយនេះបានគំរាមបើកការ​វាយ​ប្រហារ​ដោយអាវុធនុយក្លេអ៊ែរមកលើ​ប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនារសៀលថ្ងៃ​ចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។

លោកស្រី Julie Bishop បានចោទ​ប្រកាន់កូរ៉េខាងជើង​ថា បាន និងកំពុងបង្កអសន្តិភាព និងអស្ថិរភាព នៅក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក។ លោក​ស្រី​ Julie បានថ្លែងប្រាប់​សារព័ត៌មានអូស្រ្តាលី AAP យ៉ាងដូច្នេះថា «ការគំរាមកំហែង​នៃការវាយប្រហារ​ដោយអាវុធក្លេអ៊ែរ ប្រឆាំងនឹង​ប្រជាជាតិ​ដទៃទៀតៗរបស់​កូរ៉េខាងជើង កាន់តែគូសបញ្ជាក់​ខ្លាំងថែមទៀត អំពីតម្រូវការ​ចាំបាច់ឲ្យរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង ធ្វើការបោះបង់ចោល​កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងមិនស្រប​ច្បាប់របស់ខ្លួន»

លោកស្រ្តីរដ្ឋមន្រ្តី​ការបរទេសអូស្រ្តាលី​បានបន្តថា «ប្រការនេះ​បង្ហាញយ៉ាង​ច្បាស់ អំពីការគំរាម​កំហែង​ដ៏ធ្ងន់ធ្ងរបំផុត​មួយដល់ប្រទេស​ជិត​ខាង​​របស់​កូរ៉េខាងជើង ហើយបើសិន​ជានៅតែបន្ត​មិនរវីរវល់​ ឬមាន​ចំណាត់ការជាក់លាក់​ទេនោះ វានឹងរីករាលដាលដល់​តំបន់ឆ្ងាយៗទៀត​រួមទាំង​អូស្រ្តាលី​ផងដែរ។ ម៉្យាងវិញទៀត​រដ្ឋាភិបាលទីក្រុង​ព្យុងយ៉ាង គួរតែងាក​ទៅចំណាយ​ថវិកា និងបង្កើន​ការយកចិត្តដាក់​ចំពោះប្រជាពលរដ្ឋ​​របស់​​ខ្លួន​ ដែលបាន​ និងកំពុង​ទទួលរងទុក្ខ​លំបាកវេទនាជាយូរអង្វែងរបស់​ខ្លួន​»

គួរបញ្ជាក់ថា នាថ្ងៃអាទិត្យ​ម្សិលមិញនេះ យោងតាម​ការដកស្រង់សម្ដី​ដោយទីភ្នាក់ងារ​សារព័ត៌មាន KCNA អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរ​ទេស​​កូរ៉េ​ខាង​ជើង បានព្រមាន​ដូច្នេះថា «បើសិនជាអូស្ត្រាលី​នៅតែបន្តធ្វើតាម ឬឱបជើងសហរដ្ឋអាមេរិក ដើម្បីប្រឆាំង ឬ​ក៏​ចង់​ខ្ទប់​ដង្ហើម​​កូរ៉េ​ខាង​ជើង នោះសកម្មភាពនេះ នឹងក្លាយជា​ទង្វើសម្លាប់ខ្លួនឯង ជាមួយការវាយប្រហារ​ដោយអាវុធ​នុយក្លេអ៊ែរ ពីសំណាក់កង​កម្លាំងយុទ្ធសាស្ត្រ​​​​​កូរ៉េ​ខាងជើង»