(ប៉េកាំង)៖ ទីក្រុងប៉េកាំងសង្ឃឹមថា គ្រប់ភាគីទាំងអស់អាចនឹងអនុវត្តន៍ការអត់ធ្មត់លើបញ្ហាកូរ៉េខាងជើង ព្រមទាំងជៀសវាងការធ្វើសកម្មភាពបង្ករឿងនានា។ នេះជាការលើកឡើងរបស់ប្រធានាធិបតិតីចិន លោក ស៊ី ជិនពីង នៅក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក ដូណាល់ ត្រាំ ដកស្រង់ដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ​ ទី២៤ ខែមេសា ឆ្នាំ២០១៧។

ការថ្លែងបែបនេះ​របស់លោក ស៊ី ធ្វើឡើងនៅចំពេល​ដែលនាវាដឹកយន្ដហោះច​ម្បាំង​អាមេរិក USS Carl Vinson កាន់តែខិត​មកជិត​តំបន់ឧបទ្វីបកូរ៉េ ខណៈ​កូរ៉េខាងជើង​គំរាមបាញ់ពន្លិចនាវា​អាមេរិកមួយនេះ។ ប៉ុន្តែយ៉ាងណា​ក៏ដោយ ថ្លែងនៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទជាមួយលោក ត្រាំ លោក ស៊ី បានសង្កត់ធ្ងន់ ដោយមិននិយាយ​ចំឈ្មោះកូរ៉េខាងជើងថា ចិនជំទាស់យ៉ាងខ្លាំង​រាល់សកម្មភាព​ទំាងឡាយណា ដែលរំលោភ​លើដំណោះស្រាយ​នៃក្រុមប្រឹក្សា​សន្តិសុខ UN ហើយទីក្រុងប៉េកាំង​ក៏សង្ឃឹមដែរថា គ្រប់ភាគីពាក់ព័ន្ធ​អាចនឹងទទួលខុសត្រូវ ក៏ដូចជាធ្វើការងារ​រួមគ្នា ដោះស្រាយបញ្ហា​លើឧបទ្វីបកូរ៉េ​ដោយសន្តិវិធី។  

គួរបញ្ជាក់ថា យន្ដហោះចម្បាំង​អាមេរិក USS Carl Vinson កំពុងធ្វើដំណើរ​ទៅកាន់តំបន់​ឧបទ្វីបកូរ៉េ ដើម្បីឃ្លំាមើល​ក៏ដូចជា រកវិធានការទប់ស្កាត់​សកម្មភាពបង្កហេតុ រួមមានការសាកល្បងអាវុធនុយក្លេអ៊ែរ ឬមីស៊ីលផ្លោង​ពីសំណាក់ទីក្រុងព្យុងយ៉ាង ដែលនឹងរៀបចំ​ខួបទី៨៥ នៃការបង្កើតកងទ័ព​កូរ៉េខាងជើង នៅថ្ងៃអង្គារ ស្អែកនេះ៕