(ការ៉ាកាស់)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានធ្វើការចោទប្រកាន់ និង​អះអាងថា មេបក្សប្រឆាំងនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ គឺជាអ្នកដែលត្រូវទទួលខុសត្រូវលើ​បាតុកម្មដ៏ហិង្សានាប៉ុន្មានសប្តាហ៍មកនេះ ដែលជាលទ្ធផលបានបង្កឲ្យមនុស្ស ១៥នាក់ស្លាប់ និងរាប់រយ​នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទ​អត្ថាធិប្បាយ​ប្រចាំសប្តាហ៍​ក្នុងសភាជាតិ នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា លោក ម៉ាឌូរ៉ូ បានធ្វើការ​ចោទប្រកាន់ទៅ​លើសមាជិក​រដ្ឋសភា ដែលជាមេដឹក​នាំក្រុមប្រឆាំង​ដូចជាលោក Jose Guerra និងលោក Tomas Guanipa ថា ពួកលោក​ទាំងពីររូបនេះ​ជាដើមចមដ៏សំខាន់​នៃការបំផុសឲ្យមានអំពើ​ហិង្សា​នៅក្នុងរដ្ឋធានី​ការ៉ាកាស់​កាលពីប៉ុន្មាន​សប្តាហ៍មកនេះ ក្នុងនោះក៏រួមមានទាំងការវាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​គាំពារមាតា និងទារក​នៅក្នុងរដ្ឋធានីការ៉ាកាស់ កាលពី​ថ្ងៃទី២០ ខែមេសា​ផងដែរ ដោយមេដឹកនាំ​ប្រទេសរូបនេះ កំពុងរៀបចំធ្វើការ​ស៊ើបអង្កេតហើយ។

គួរបញ្ជាក់ថា ការតវ៉ាប្រកប​ដោយអំពើហិង្សា​ដ៏ក្តៅគគុក បានកើតមានឡើង​នៅក្នុងរដ្ឋធានី​ការ៉ាកាស់ និងបណ្តា​ទីក្រុងមួយចំនួន​ទៀតរបស់​វេណេស៊ុយអេឡា តាំងពីដើម​ខែមេសានេះ​មកម្ល៉េះ ដោយក្នុងនោះ​ការប៉ះទង្គិចគ្នា​រវាងប៉ូលិស និងបាតុករ​បានបង្កឲ្យបាត់បង់​ជីវិតមនុស្ស ១៥នាក់, របួសជិត ៣០០នាក់, និងមនុស្សជាច្រើន​នាក់ទៀតត្រូវ​បានចាប់ខ្លួន។ ប្រជាជន​ដែលចូលរួមតវ៉ា​បានបង្ហាញការ​ខឹងសម្បារនឹង​វិបត្តិសេដ្ឋកិច្ច​ដ៏អាក្រក់ និងទាមទារឲ្យ​លោក ម៉ាឌូរ៉ូ ចុះចេញពី​អំណាច៕