(តូក្យូ)៖ នាវាពិឃាតជប៉ុន០២គ្រឿងនៅថ្ងៃអាទិត្យ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាជាមួយកងនាវា ចម្បាំងអាមេរិក ដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង USS Carl Vinson នៅឯតំបន់ប៉ាស៊ីហ្វិកខាងលិច ខណៈក្រុមនាវាចម្បំាងអាមេរិកទំាងនេះ កំពុងស្ថិតនៅកាន់តែជិតតំបន់ដែនទឹកឧបទ្វីបកូរ៉េ​នៅក្នុងបរិបទ​ដែលការព្រមាន​វាយប្រហារលើកូរ៉េខាងជើង​កើតឡើងជាបន្តបន្ទាប់។ នេះបើតាមក្រុមមន្ត្រីជប៉ុន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០១៧។

ប្រភពដដែលថ្លែង​នៅក្នុងលក្ខខណ្ឌមិន​បញ្ចេញអត្តសញ្ញាណបានឱ្យដឹងថា នាវាពិឃាតជប៉ុនចំនួន​០២ គឺ Samidare និង Ashigara​ បានចាកចេញពី​ដែនទឹកភាគខាង​លិចប្រទេសជប៉ុន កាលពីចុងសប្តាហ៍មុន ដើម្បីទៅចូលរួម​សមយុទ្ធយោធា​ជាមួយ នាវាដឹកយន្តហោះចម្បាំង Carl Vinson ក្នុងគោលបំណងបង្ហាញ ពីសាមគ្គីភាព​រវាងប្រទេសទាំងពីរ ប្រឈមមុខនឹងការគំរាម​វាយប្រហារដោយ​គ្រាប់មីស៊ីល និង​អាវុធនុយក្លេអ៊ែររបស់សំណាក់​កូរ៉េខាងជើង។ លើសពីនេះទៅទៀត​យោធាជប៉ុន ក៏បានបញ្ជាផងដែរ​ឱ្យនាវាពិឃាតរបស់ខ្លួន​ អមដំណើរនាវា Carl Vinson ឆ្ពោះទៅកាន់​តំបន់សមុទ្រ​ចិនខាងកើត ជាទីដែល​ជប៉ុន និងចិន​កំពុងមានជម្លោះ​ដែនទឹក​នឹងគ្នា។

គួរបញ្ជាក់ជូនថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជា​ឱ្យនាវា​ដឹកយន្តហោះ​ចម្បាំង Carl Vinson ធ្វើដំណើរ​ទៅកាន់តំបន់​ក្បែរដែនទឹក​ឧបទ្វីបកូរ៉េ ដើម្បី​កំញើញ​កូរ៉េខាងជើងកុំឱ្យសាក​ល្បងអាវុធ​នុយក្លេអ៊ែរ ស្របពេល​ទីក្រុងព្យុងយ៉ាង  ត្រូវបានគេ​ជឿ​ជាក់ថា​ អាចនឹងធ្វើ​សកម្មភាពបង្ករឿង​ជាថ្មីនៅឱកាស​នៃការប្រារព្ធ​ខួបលើក​ទី៨៥ នៃថ្ងៃបង្កើត​កងទ័ព​កូរ៉េខាងជើង​នៅថ្ងៃអង្គារ ទី២៥ ខែមេសានេះ៕​