(ប៉ារីស)៖ ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីបារាំងជុំទី០១ បានចាប់ផ្ដើមហើយនៅថ្ងៃអាទិត្យនេះ។ ប៉ុន្តែទន្ទឹមគ្នាការស្ទង់មតិ ជាច្រើនបង្ហាញថាបេក្ខជន ប្រធានាធិបតីស្ដាំនិយមជ្រុល លោកស្រី ម៉ារីន ឡឺប៉ែន (​Marine Le Pen) និងអ្នកនយោបាយនិយមកណ្ដាល លោក អែមម៉ានុយអ៊ែល ម៉ាក្រុន (Emmanuel Macron) អាចនឹងជាប់ឆ្នោតនៅជុំទី០១នេះ ដើម្បីឈានចូលបន្តការបោះឆ្នោតជុំទី០២ នៅថ្ងៃទី០៧ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Telegraph នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧។

យោងតាមការស្ទង់មតិ លោក ម៉ាក្រុន អាចនឹងឈ្នះនៅក្នុងការបោះឆ្នោតនៅជុំទី០១ ជាមួយសម្លេងគាំទ្រ២៣.៦ភាគរយ តាមពីក្រោយ ដោយលោកស្រី ឡឺប៉ែន ២២.៥ភាគរយ ខណៈលោក ហ្រ្វង់ស័រ ហ្វីយ៉ុង ទទួលបានការគាំទ្រ១៩.៤ភាគរយ និង ១៨.៨ភាគរយ របស់ លោក ម៉េឡង់ឆុង (Melenchon)។ ក៏ប៉ុន្តែយ៉ាង ណាក៏ដោយ នេះគ្រាន់តែជាការស្ទង់មតិ មុននឹងលទ្ធផលបោះឆ្នោតចេញជាផ្លូវការ ប៉ុណ្ណោះ ហើយអ្វីដែលគេកំពុងសម្លឹងមើលនោះគឺថាបើសិនជាលោកស្រី ម៉ារីន ឡឺប៉ែន ជាប់ឆ្នោត ក្លាយជាប្រធានាធិបតីមែន តើសហភាពអឺរ៉ុបអាចនឹងរលំរលាយដែរឬទេ?។

គួរបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ប្រព្រឹត្តទៅក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លំាង បន្ទាប់ពីមានការវាយប្រហារភេរវកម្ម សម្លាប់ប៉ូលិសម្នាក់កាលពីបី ថ្ងៃមុននៅឯមហាវិថី សម អេលីហ្សេ (Champ Elysee) ក្នុងទីក្រុងប៉ារីស។ អាជ្ញាធរបារាំង បានដាក់ពង្រាយ ប៉ូលិសច្រើនជាង ៥០ ០០០នាក់ ក្រោមការជួយ ជ្រោមជ្រែងពីយោធា ៧០០០នាក់ ក្នុងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅ ថ្ងៃបោះឆ្នោតនេះ៕