(ប៉ារីស)៖ សមាជិកក្រុមសហជីព និងអង្គការសង្គមស៊ីវិលជាង៧០ បាននាំគ្នាចុះផ្លូវធ្វើបាតុកម្មតវ៉ា ក្នុងទីក្រុងប៉ារីស ដើម្បីសម្ដែងការ ប្រឆាំងជំទាស់ទៅនឹង អ្វីដែលពួកគេហៅថា «នយោបាយប្រជាភិថុត» របស់បេក្ខជនប្រធានាធិបតីបារំាងមួយចំនួន។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Russian Today ​នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧។

យោងតាមក្រុមអ្នករៀបចំបាតុកកម្មតវ៉ា មនុស្សប្រមាជា២០០០នាក់ បានចូលរួមនៅក្នុងបាតុកម្មតវ៉ា ក្នុងសភាពស្ងៀមស្ងាត់កាលពី ថ្ងៃសៅរ៍ នៅឯទីលាន République មុននឹងពួកគេបន្តដំណើរទៅកាន់ទីលាន Bastille​ ក្នុងទីក្រុងប៉ារីស។ ក៏ប៉ុន្តែក្រោយមកទៀតការប៉ះ ទង្គិចគ្នា ដោយហិង្សា  រវាងក្រុមបាតុករ និងប៉ូលិស ស្រាប់តែផ្ទុះឡើង បន្ទាប់ពីក្រុមបាតុករខ្លះបានចោលដប ដុំភ្លើងនិងគ្រាប់បែកផ្សែងទៅ លើប៉ូលិស ហើយជាការឆ្លើយតបអាជ្ញាធរបារាំងបានសម្រេចចិត្ត ប្រើប្រាស់ឧស្ម័នបង្ហូទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ។ តែពុំមាន សេចក្ដីរាយការណ៍ពីការចាប់ខ្លួនបាតុករណាម្នាក់ ឬក៏អ្នករងបួសធ្ងន់នោះទេ។

គួរបញ្ជាក់ថា បាតុកម្មខាងលើកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង ប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យនេះ ដោយនៅតាម ទីក្រុងធំៗ ការិយាល័យបោះឆ្នោតចំនួន ៦៦ ៥៤៦ កន្លែង នឹងបើកទ្វារនៅម៉ោង៨ព្រឹក ហើយបិទទ្វារនៅម៉ោង ៧យប់ ឬក៏អាចដល់ម៉ោង៨យប់ (ម៉ោងនៅ ក្នុងប្រទេសបារាំង)៕