(ស៊ីដនី)៖ កូរ៉េខាងជើង បានព្រមានវាយប្រហារដោយអាវុធនុយក្លេអ៊ែរ លើអូស្ត្រាលី បើសិនជានៅបន្តធ្វើគធ្វើថ្លង់ និងអោបជើង សហរដ្ឋអាមេរិក។ ការព្រមាននេះទៀតសោត ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បាននិយាយថា ទីក្រុងព្យុងយ៉ាង បាននិងកំពុងធ្វើសកម្មភាពគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧។   

យោងតាមការដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មាន KCNA អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានដូច្នេះថា៖ «បើសិនជាអូស្ត្រាលី នៅតែបន្តធ្វើតាម ឬអោបជើងសហរដ្ឋអាមេរិក ដើម្បីប្រឆាំង ឬក៏ចង់ខ្ទប់ដង្ហើមកូរ៉េខាងជើង នោះសកម្មភាពនេះ នឹងក្លាយជាទង្វើសម្លាប់ខ្លួនឯង ជាមួយការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ពីសំណាក់កងកម្លាំងយុទ្ធសាស្ត្រកូរ៉េខាងជើង (...) ដូច្នេះនៅលើកក្រោយ រដ្ឋមន្ត្រីការបរទេសអូស្រ្ដាលី គួរតែគិតឱ្យបានពីរដងពីផលវិបាក ដែលអាចកើតមាន មុននឹងហាមាត់និយាយស្ដី»។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ម្សិលមិញ នៅចំពោះមុខអនុប្រធានាធិបតីអាមេរិក លោក Mike Pence នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានបង្ហាញការគាំទ្រចំពោះគោលនយោបាយអាមេរិកលើកូរ៉េខាងជើង ហើយថែមទំាងបានជំរុញឱ្យចិន បន្តអនុវត្តការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹង ទីក្រុងព្យុងយ៉ាង ផងដែរ៕