(ប៉ារីស)៖ ប្រទេសបារាំង នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី០១ នៅថ្ងៃអាទិត្យនេះ ដែលជាការបោះឆ្នោតដ៏សំខាន់មួយនឹងកំណត់ពី ជោគវាសនារបស់អឺរ៉ុបទំាងមូលតែម្ដង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧។

ប្រជាជនបារាំងជិត៤៧លាននាក់ នឹងធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត ដើម្បីសម្រេចចិត្តជ្រើសរើស មេដឹកនាំដែលខ្លួនពេញចិត្ត នៅក្រោមការ រឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ក្រោយមានហេតុការណ៍បាញ់ប្រហារសម្លាប់ប៉ូលិសម្នាក់ នៅឯមហាវិថី Champ Elysee ក្នុងទីក្រុងប៉ារីស កាលពីប៉ុន្មាន ថ្ងៃមុននេះ។ មួយវិញទៀត តាមរយៈការបោះឆ្នោតនេះ វាក៏នឹងកំណត់ផងដែរ ពីជោគវាសនា របស់សហភាពអឺរ៉ុបទាំងមូល ត្បិតបេក្ខជនប្រធានាធិបតី បារាំងស្ដាំនិយមជ្រុលខ្លះ ដូចជាលោកស្រី ម៉ារីន ឡឺប៉ែន​ ជាដើម បានសន្យាថា នឹងឱ្យបារាំងចាកចេញពីសហភាពអឺរ៉ុប នៅពេលលោកស្រីជាប់ឆ្នោត ខណៈ បេក្ខជនផ្សេងទៀត បានបង្ហាញពីទំនោរងាកទៅរករុស្ស៊ី។

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជុំទី០១ បេក្ខជនប្រធានាធិបតីបារាំងម្នាក់ៗ ត្រូវតែរកសំឡេងគាំទ្រឱ្យបានច្រើនជាង៥០ភាគរយ ពោលគឺបេក្ខជនពីរ នាក់ដែលទទួលបានការគំាទ្រច្រើនជាងគេ នឹងត្រូវឈានចូលការបោះឆ្នោតជុំទី០២ នៅថ្ងៃទី០៧ ខែឧសភា។ ដោយឡែក បើផ្អែកលើការស្ទង់មតិជា ច្រើន នៅក្នុងចំណោមបេក្ខជនប្រធានាធិបតីបារាំងទាំង១១រូប លោក ម៉ានុយអ៊ែល ម៉ាក្រុន និងលោកស្រី ម៉ារីន ឡឺប៉ែន ត្រូវបានគេរំពឹងថាអាចនឹងឈ្នះ នៅក្នុងការបោះឆ្នោតជុំទី០១។ ចំណែកឯ នៅតាមទីក្រុងធំៗ ការិយាល័យបោះឆ្នោតចំនួន ៦៦ ៥៤៦ កន្លែង នឹងបើកទ្វារនៅម៉ោង៨ព្រឹកថ្ងៃអាទិត្យនេះ ហើយបិទទ្វារនៅម៉ោង ៧យប់ ឬក៏អាចដល់ម៉ោង៨យប់ (ម៉ោងនៅក្នុងប្រទេសបារាំង)៕