(កាប៊ុល)៖ កងទ័ពអាហ្វហ្គានីស្ថាន​យ៉ាងតិចចំនួន១៤០នាក់ បានបាត់បង់ជីវិត​នាពេលថ្មីៗនេះ ដោយសារក្រុម​ឧទ្ទាមតាលីបង់ ដែលត្រូវគេអះ​អាងថា​ បានបន្លំខ្លួន​ក្នុងសម្លៀបបំពាក់​ជានាយទាហាន និងបានបើកការវាយប្រហារ​យ៉ាងចាស់ដៃ ទៅលើមូលដ្ឋានយោធា​មួយកន្លែង នៅ​ក្នុងប្រទេសនៃ​តំបន់អាស៊ី​ខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀល​​ថ្ងៃ​សៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧។

មន្រ្តីយោធាមួយរូប​ដែលស្ថិតនៅក្នុង​ទីក្រុង Mazari-Sharif ភាគខាងជើង​អាហ្វហ្គានីស្ថាន ជាទីដែលផ្ទុះ​ការលួចវាយប្រហារ​ដ៏កក្រើកខាងលើ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​​នេះ​ថា កងទ័ពយ៉ាងហោច​ណាស់ចំនួន១​៤០នាក់បានស្លាប់ និងជាច្រើននាក់​ផ្សេងទៀតបាន​ទទួលរងរបួស​ជាទម្ងន់។ ម៉្យាង​វិញ​ទៀត​​មន្រ្តី​យោធា​​អាហ្វហ្គានីស្ថាន​ដទៃ​ទៀតក៏បានអះអាង​ផងដែរថា ចំនួនមនុស្សបាត់​បង់ជីវិតទំនងជា​​នឹង​កើន​ឡើង​ខ្ពស់​​បន្ថែម​ទៀត។

យោងតាមប្រភព​ពីយោធា​អាហ្វហ្គានីស្ថាន ក្រុមអ្នកប្រយុទ្ធ​តាលីបង់ប្រមាណ ១០នាក់ ស្ថិតក្នុងសម្លៀក​បំពាក់ពលទាហាន​អាហ្វហ្គានីស្ថាន​ និងជិះរថយន្ត​យោធា ត្រូវបានបន្លំ​ខ្លួនចូលទៅក្នុងមូលដ្ឋានទ័ព​ ដែលបានទទួលរង​ការវាយឆ្មក់​ខាងលើ រួចហើយបាន​បើកការបាញ់ប្រហារ​​ទៅ​លើកងទ័ព​ ដែលកំពុងអង្គុយ​ហូបអាហារ​ពេលល្ងាច និងខ្លះទៀត​កំពុងចាកចេញពី​ព្រះវិហារក្រោយ​ពេលថ្វាយបង្គំព្រះរួច។ ពួកតាលីបង់ទាំងនោះ​ត្រូវបានគេអះអាងថា​ ប្រដាប់ដោយគ្រាប់រ៉ុក្កែត និងកាំភ្លើងរះជាច្រើនដើម។

ជុំវិញហេតុការណ៍នេះ អ្នកនាំពាក្យក្រុម​ឧទ្ទាមតាលីបង់បានចេញ​សេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះ​គឺជាការសងសឹក ចំពោះ​ការ​សម្លាប់​​មេដឹក​នាំ​ជាន់ខ្ពស់​របស់តាលីបង់​ជាច្រើនរូប នៅភាគខាងជើង​អាហ្វហ្គានីស្ថាន កាលពីពេលថ្មីៗ​នេះ៕