(អូស្ត្រាលី)៖ អំឡុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានលើកឡើងថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នៅតែអាចកើតមានឡើងដោយ​សន្តិវិធី តាមរយៈកិច្ចសហការគ្នាថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។ នេះបើតាមការដកស្រង់ពី​សារព័ត៌មាន Channel News Asia នារសៀលថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧។

ការលើកឡើងរបស់លោក Pence បានលើកឡើងដូចខាងលើនេះ គឺស្របពេលដែលពិភពលោក​មានការ​ព្រួយបារម្ភថា កូរ៉េខាងជើងកំពុងតែរៀបចំបំផ្ទុះអាវុធនុយក្លេអ៊ែរសាកល្បង ជាលើកទី០៦ ដែលវានឹង​ខ្លាំងក្លាជាងពេលណាៗទាំងអស់ ហើយក៏នឹងបង្កឲ្យស្ថានការណ៍ក្នុងតំបន់ប្រែក្លាយកាន់តែអាក្រក់​ខ្លាំងឡើងៗផងដែរ។

ដោយឡែកការធ្វើសន្និសីទ​សារព័ត៌មានជាមួយ​នាយករដ្ឋមន្រ្តី​អូស្រ្តាលី អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence បានអះអាង​ថា ក្រុមនាវាចម្បាំង​ដឹកនាំដោយ​នាវាផ្ទុកយន្តហោះ​ចម្បាំងដើរដោយ​ថាមពល​នុយក្លេអ៊ែរ USS Carl Vinson របស់​សហរដ្ឋអាមេរិក ដែល​កំពុង​ធ្វើ​ដំណើរឆ្ពោះរកដែនទឹកក្បែរ​ឧបទ្វីបកូរ៉េនោះ នឹងទៅដល់​លើផ្ទៃសមុទ្រជប៉ុន​នៅប៉ុន្មាន​ថ្ងៃខាងមុខ ពោលគឺមិនឲ្យ​ដាច់ខែនេះ​ទាន់ឡើយ។

លោក​អនុប្រធានាធិបតី​អាមេរិកបានថ្លែងយ៉ាង​ដូច្នេះថា «ការរំពឹងទុករបស់​យើងគឺថា ពួកគេ (ក្រុមនាវាយោធា​ខាងលើ) នឹងស្ថិតនៅលើ​ដែន​​សមុទ្រជប៉ុន​ក្នុងពេលប៉ុន្មាន​ថ្ងៃទៀតប៉ុណ្ណោះ នៅមុនដំណាច់​ខែនេះ»។ លោក Pence ឲ្យលើកឡើង​ទៀតថា រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន​​មានជំនឿ​ជឿជាក់ថា ការរំដោះ​ឧបទ្វីបកូរ៉េ​ពីអានុយក្លេអ៊ែរ នឹងអាច​សម្រេចបាន​ដោយជោគជ័យ​តាមសន្តិវិធី ពីព្រោះតែក្បួន​យុទ្ធសាស្រ្ត​​​ទាក់ទង​ថ្មី​​ជាមួយប្រទេសចិន របស់រដ្ឋបាល​ដឹកនាំ​លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា កាលពីអំឡុង​ដើមខែមេសានេះ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានសម្រេច​បញ្ជូននាវា​ដឹកយន្តហោះ​ចម្បាំង USS Carl Vinson អមដំណើរឲ្យ​នាវាចម្បាំងប៉ុន្មាន​គ្រឿងទៀត​ភ្លាមៗ ដើម្បីទៅបង្ហាញ​សាច់ដុំដាក់​កូរ៉េខាងជើង ក៏ប៉ុន្តែតាម​ពិត​នៅចំពេល​ដែល​ស្ថានការណ៍​រវាងសហរដ្ឋអាមេរិក​ និងកូរ៉េខាងជើង បានកើតឡើង​យ៉ាងក្តៅគគុក​នោះ ​​ក្រុមនាវាយោធានេះ​បែរជាបានធ្វើដំណើរ​ឆ្ពោះទៅកាន់​អូស្រ្តាលីដើម្បី​ចូលរួមសមយុទ្ធ​ទៅវិញ ហើយទើបតែ​នាពេលថ្មីៗបាន​បកទៅរកឧបទ្វីបកូរ៉េ​តាមការ​គ្រោងទុក៕