(ស៊ីដនី)៖ អនុប្រធានាធិបតី​អាមេរិកលោក Mike Pence បានថ្លែងនៅសៅរ៍​នេះថា ទីក្រុងវ៉ាស៊ីនតោន​នឹងនៅតែបន្តគោរព​តាមកិច្ច​ព្រមព្រៀង​ជនភៀសខ្លួន​ដ៏ចម្រូងចម្រាស​​ជាមួយប្រទេស​អូស្រ្តាលី ដែលជាកិច្ចព្រមព្រៀង​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បាន​ចាត់ទុក​ថា ជារឿងដ៏ល្ងីល្ងើ​មួយនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មានរួមគ្នា​មួយជាមួយនាយករដ្ឋមន្រ្តី​អូស្រ្តាលី Malcolm Turnbull នាឯទីក្រុង​ស៊ីដនី លោក Mike Pence បានឲ្យ​ដឹង​ថា យ៉ាងណាមិញ​កិច្ចព្រមព្រៀងនេះ​អាចនឹងត្រូវលើក​យកមក​ធ្វើការត្រួតពិនិត្យ​យ៉ាងហ្មត់ចត់​ឡើងវិញ ហើយការ​ដែលអាមេរិក​នៅបន្តគោរព​​កិច្ចព្រមព្រៀង​គ្នានេះ ពុំមានមាន​ន័យថា រដ្ឋាភិបាលទីក្រុង​វ៉ាស៊ីនតោន កោតសរសើរ​ ឬស្ញប់ស្ញែងវានោះ​ឡើយ។

គួរបញ្ជាក់ថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោយពេលបាន​ស្បថ​ឡើងកាន់​តំណែងជាផ្លូវការ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានផ្ទុះពាក្យ​សម្តីយ៉ាងខ្លាំងក្លា​តាមប្រព័ន្ធទូរស័ព្ទ​ជាមួយលោក Malcolm Turnbull ជុំវិញកិច្ចព្រមព្រៀង​ខាងលើនេះ ដែលតម្រូវឲ្យ​​ទីក្រុង​​វ៉ាស៊ីនតោន​អនុញ្ញាតឲ្យជនភៀស​ខ្លួនប្រមាណ ១,២៥០នាក់តាំងទីលំនៅ​លើកទឹកដី​អាមេរិក។

គួរជំរាបបន្ថែមថា លោក Mike Pence បានធ្វើដំណើរទៅដល់ទឹកដី​នៃប្រទេសអូស្ត្រាលី​កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ​នេះ ដែល​ជា​​គោល​ដៅ​ចុង​ក្រោយ​​ នៃការ​បំពេញ​ទស្សន​​កិច្ច​​​រយៈ​ពេល​១០​ថ្ងៃ​របស់លោក នៅអាស៊ីបន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង ជប៉ុន និងឥណ្ឌូណេស៊ី៕