(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ អះអាងថា សេចក្តីរាយការណ៍ព័ត៌មាន​នាពេលថ្មីៗ​នេះ ដែលថាមានមនុស្ស​ដល់​ទៅជិត១០,០០០នាក់ បានបាត់បង់ជីវិត​ក្រៅប្រព័ន្ធតុលាការ នៅក្នុងអំឡុងការធ្វើយុទ្ធនាការ​បង្រ្កាបគ្រឿងញៀន​ដ៏បង្ហូរឈាម ដែលដឹកនាំ​ដោយ​​រូប​លោក​​ផ្ទាល់​នោះ គឺមិនមែនជាការ​ពិតនោះឡើយ។ នេះបើតាមសម្តី​របស់លោក Ernesto Abella អ្នកនាំពាក្យប្រធានាធិបតី​​នៃ​ប្រទេស​ហ្វី​លី​ពីន ដែល​ត្រូវបានចេញផ្សាយ​ដោយសារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧។

លោក Ernesto Abella បានថ្លែងបញ្ជាក់បន្ថែមថា ស្ថិតិរបស់ប៉ូលិសហ្វីលីពីនបានបង្ហាញថា មានតែមនុស្ស​តិចជាង១,៤០០នាក់ប៉ុណ្ណោះ​ ដែលត្រូវបានបាញ់សម្លាប់នៅក្នុង​រាល់ប្រតិបត្តិការ​បង្រ្កាបគ្រឿងញៀន ដែលវាផ្ទុយស្រឡះ​យ៉ាងឆ្ងាយអំពីសេចក្តីរាយការណ៍​បំប៉ោង​ក៏​ដូចជា​បំភ្លៃព័ត៌មាន ដែលថា មានជនរងគ្រោះដល់ទៅ ៩,០០០នាក់បានស្លាប់​នៅក្រៅប្រព័ន្ធ​តុលាការ។

គួរបញ្ជាក់ថា លោក ឌូតឺតេ ដែលជាអតីតអភិបាល​ក្រុមដាវ៉ៅ​ជាមួយកេរ្តិ៍ឈ្មោះ​ខាងប្រយុទ្ធប្រឆាំង​នឹងឧក្រិដ្ឋកម្មនោះ បាន​ស្បថ​​ឡើង​កាន់​តំណែង​ជាមេដឹកនាំ​នៃប្រទេសអាស៊ាន​មួយនេះ កាលពីខែ​មិថុនា ឆ្នាំ២០១៦កន្លង​ទៅនេះ ដោយសន្យាថា​ នឹងតាមបង្រ្កាប​ក៏ដូចជា​បោសសម្អាត​ឲ្យអស់នូវថ្នាំញៀន​ និងបទល្មើស​គ្រឿងញៀន​ពីហ្វីលីពីន។ ក៏ប៉ុន្តែសកម្មភាព​ហិង្សាដូចជាការ​បាញ់សម្លាប់​មនុស្ស ដែល​ត្រូវបានអនុវត្តន៍​ដើម្បីរឹតបន្តឹង​យុទ្ធនាការ​កណ្តាប់ដៃដែក​របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ជារឿយៗ​បានទទួលរងការរិះគន់​ជាខ្លាំង​ទាំងក្នុងប្រទេស និងអន្តរជាតិ៕​