(ប៉េកាំង)៖ បន្ទាប់ពីស្ថានីយ៍ទូរទស្សន៍អាមេរិក CNN បានធ្វើសេចក្តីរាយការណ៍ថា រដ្ឋាភិបាលទីក្រុង​ប៉េកាំង បានបញ្ជាឲ្យ​កងយន្តហោះ​​ចម្បាំង រួមទាំងទម្លាក់​គ្រាប់បែក-មីស៊ីល ត្រៀមប្រុងជើងការ​ក្នុងកម្រិតដ៏ខ្ពស់បំផុត នៅចំពោះមុខ​ភាពតានតឹងជុំវិញ​បញ្ហាកូរ៉េខាងជើង​​នោះ នាថ្ងៃដដែលនេះ​ក្រសួងការពារជាតិ​ចិន បានចេញមុខ​ច្រានចោល​ភ្លាមៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។

យោធាចិនបានបញ្ជាក់តាមសារព័ត៌មានរដ្ឋយ៉ាងដូច្នេះថា ការចល័តទ័ព និងសកម្មភាពយោធាផ្សេងទៀត​នៅតំបន់ព្រំដែនចិន និងកូរ៉េខាងជើងនោះគឺជារឿងធម្មតា ដែលយោធាតែងតែរៀបចំការបង្វឹក និងត្រៀមលក្ខណៈនានា ទៅតាមអ្វីដែលខ្លួនធ្លាប់ធ្វើតែប៉ុណ្ណោះ។

គួររំលឹកថា ក្រសួងការពារជាតិ​​អាមេរិក​បាន​​ប្រាប់ ​CNN ​នៅថ្ងៃសុក្រថា ​កងទ័ពអាកាស​​ជួរមុខ ​អម​ដោយ​​យន្តហោះ​ចម្បាំង ​និង​យន្តហោះ​ទម្លាក់​​គ្រាប់បែក​-​មី​ស៊ី​ល​របស់​ប្រទេស​ចិន ​ត្រូវ​បាន​ទទួល​បាន​បញ្ជា​ឲ្យ​ស្ថិតនៅ​ក្នុង​​ការ​ប្រុង​ជើង​ការ​​កម្រិត​ខ្ពស់​​បំផុត ​ខណៈ​ដែល​សហរដ្ឋអាមេរិក​មើលឃើញ​ថា ​ចិន​កំពុង​ត្រៀមខ្លួន​ឆ្លើយតប​​នឹង​ស្ថានការណ៍​នៅ​កូរ៉េខាងជើង ​ក្នុងករណី​មានការ​ផ្ទុះ​សង្គ្រាម​ឡើង​។ ​

មន្ត្រីខាងលើនេះបានបញ្ជាក់បន្ថែមទៀតថា អាមេរិកក៏បានឃើញនូវយន្តហោះចម្បាំងចិនជាច្រើនគ្រឿង​មិនធ្លាប់មាន ដែល​ត្រូវ​បាន​ទីក្រុង​ប៉េកាំងចេញបញ្ជាឲ្យស្ថិតនៅក្នុងការប្រុងជើងការកម្រិតខ្ពស់ និងត្រៀម​លក្ខណៈឲ្យបានរួចរាល់តែម្តង នៅក្នុង​ការ​បំពេញ​ប្រតិ​បត្តិ​ការ​បន្ទាន់។ ក្រសួងការពារជាតិអាមេរិកបាន​ហៅសកម្មភាពរបស់ចិននោះថា «ជាការត្រៀមខ្លួនរួចរាល់​ឲ្យបានលឿន» នៅ​ក្នុង​ការ​ឆ្លើយ​តប​ក្នុង​ករណី​​មានហេតុការណ៍បន្ទាន់ណាមួយកើតឡើងនៅកូរ៉េខាងជើង។

បន្ថែមពីនេះសហរដ្ឋអាមេរិកបានធ្វើការព្រមានផងដែរថា ការរៀបចំបង្ហាញសាច់ដុំរបស់ចិននេះ គឺជាហានិភ័យមួយនៅក្នុង​ករណី​មាន​ការ​ផ្ទុះឡើង នូវជម្លោះប្រដាប់អាវុធក្នុងតំបន់ឧបទ្វីបកូរ៉េ ប្រសិនបើមាន​ការបង្កហេតុណាមួយ​ដោយកូរ៉េខាងជើង ដូចជាការបាញ់មីស៊ីល​សាក​ល្បង​នោះ។

រហូតមកដល់ពេលនេះ កូរ៉េខាងជើង និងអាមេរិក នៅតែស្ថិតក្នុងសង្គ្រាមពាក្យសម្តីនៅឡើយ តាមរយៈ​ព័ត៌មាននានាដែល ​បាន​ចេញ​ផ្សាយ​​ដូចជា «អាមេរិកត្រៀមខ្លួនរួចរាល់​ដើម្បីទប់នឹងកូរ៉េខាងជើង» ហើយ «កូរ៉េខាងជើងក៏ព្រមាន​កម្ទេចអាមេរិក និងសម្ព័ន្ធ​មិត្ត​ឲ្យ​ទៅ​ជា​ផេះ​ផង់ផងដែរ ក្នុងករណីដែលមាន​សង្គ្រាមផ្ទុះឡើងនៅឧបទ្វីបកូរ៉េនោះ»

មិនត្រឹមតែប្រទេសចិន ដែលជាសម្ព័ន្ធមិត្តនឹងកូរ៉េខាងជើងនោះទេ សូម្បីរុស្ស៊ីក៏មានសេចក្តីរាយការណ៍ត្រូវ​បានចេញផ្សាយផងដែរថា បានធ្វើការដាក់ពង្រាយទ័ព និងសព្វាវុធនៅតែក្បែរព្រំដែនកូរ៉េខាងជើង​រួចជាស្រេច ប៉ុន្តែទីក្រុងម៉ូស្គូបានអះអាងថាវាស្ថិតនៅ​ក្នុង​ន័យ​ការ​ពារ​សន្តិសុខ ក្នុងករណីមាន​ជនភៀសខ្លួន​កូរ៉េខាងជើងហូរចូល​ក្នុងដែនរុស្ស៊ីក្នុងករណីមានសង្គ្រាមផ្ទុះឡើងប៉ុណ្ណោះ៕