(សេអ៊ូល)៖ កូរ៉េខាងត្បូងបាន និងកំពុងតែស្ថិតនៅក្នុងសភាពប្រុងជើងការកម្រិតខ្ពស់ នៅមុនថ្ងៃរំលឹកខួបដ៏សំខាន់មួយផ្សេង​ទៀតនៅ​កូរ៉េ​ខាង​ជើង ជាមួយការដំឡើង​សាច់ដុំសព្វាវុធ​ ក៏ដូចជាបរិក្ខាយោធាទំនើបៗ នៅក្នុងប្រទេសទាំងពីរ នៅចំពោះមុខក្តីព្រួយបារម្ភ​​អំពី​ការ​ធ្វើ​តេស្ត​អាវុធនុយក្លេអ៊ែរ​សាជាថ្មីម្តងទៀត​ របស់របបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។

យោងតាមអ្នកនាំពាក្យ​ក្រសួងបង្រួបបង្រួមជាតិ របស់ប្រទេសកូរ៉េខាងត្បូង លោក Lee Duk-Haeng រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នឹង​ប្រារព្ធ​ពិធីអបអរសាទររំលឹកខួបទី៨៥ឆ្នាំ នៃការបង្កើត​កងទ័ពកូរ៉េខាងជើង​នៅសប្តាហ៍ក្រោយ ពោលគឺថ្ងៃអង្គារ ទី២៥ ខែមេសា ខាង​​មុខនេះ។ ​គ្រប់គ្នាកំពុងរង់ចាំមើល និងព្រួយបារម្ភថា នឹងអាចកើតមានការធ្វើតេស្តមីស៊ីល ឬក៏នុយក្លេអ៊ែរដោយទីក្រុងព្យុងយ៉ាង ដែលនឹងបង្កឲ្យស្ថានការណ៍ ​កាន់តែអាក្រក់ជាងបច្ចុប្បន្ននេះទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា អនុប្រធានាធិបតី​អាមេរិកលោក Mike Pence បានទៅដល់​ប្រទេស​​កូរ៉េខាងត្បូង ក្នុងពេល​តែ​ប៉ុន្មាន​​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង​ធ្វើតេស្ត បាញ់មីស៊ីល ប៉ុន្តែបរាជ័យដោយ​អ្នក​ជំនាញអះអាងថា គ្រាន់តែកូរ៉េខាងជើងបាញ់ភ្លាម គឺមីស៊ីលបានសំយ៉ុងក្បាលចុះទៅក្នុងសមុទ្រតែម្តង ហើយវាត្រូវបានធ្វើឡើងឡើង មួយថ្ងៃក្រោយនៃការធ្វើព្យុហយាត្រាអបអរ​ខួប​កំណើត​ទី១០៥ឆ្នាំ នៃបិតាស្ថាបនិក​កូរ៉េខាងជើង គីម អ៊ីលស៊ុង ដែលអន្តរជាតិមើលឃើញថា ជាទិវាបង្អួតសព្វាវុធថ្មីៗទៅវិញ៕