​(បាងកក)៖ នាយកដ្ឋានពន្ធគយថៃនៅថ្ងៃសុក្រនេះ បានសម្រេចចិត្តតម្រូវឱ្យជនឈ្មោះ Nithinon Srithaniyanan បង់ប្រាក់ពិន័យប្រាក់ ២០០,០០០បាត សម្រាប់បទល្មើស​ប៉ុនប៉ងរត់ពន្ធទឹកកាម (បុរស) ចេញទៅក្រៅប្រទេស។ នេះបើតាមអ្នកនាំពាក្យរងនៃនាយកដ្ឋានពន្ធគយថៃ លោក Kreecha Kirdsriphan ​ដកស្រង់ដោយសារព័ត៌មាន The Nation នៅរសៀលថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។​

យោងតាមលោក Kreecha នាយដ្ឋានពន្ធគយបានជ្រើសរើស​យកការពិន័យជាប្រាក់ ជំនួសទោសដាក់​ពន្ធនាគារ ១០ឆ្នាំ សម្រាប់ការរត់ពន្ធ​ទឹកកាមរបស់មនុស្ស​ ត្បិតករណីនេះ​ត្រូវបានសម្របសម្រួល​តាមច្បាប់​ពន្ធគយ។ ក៏ប៉ុន្តែទន្ទឹមគ្នា​នេះនាយកដ្ឋាន បានត្រៀមខ្លួនរួចជាស្រេច​ក្នុងការកោះហៅ Nithinon ជាថ្មីម្ដងទៀត បើសិនជាមន្ត្រី​សុខាភិបាល រកឃើញព័ត៌មាន​បន្ថែម និងស្វែងរក​កិច្ចសហការ។

គួរបញ្ជាក់ថា បុរសអាយុ២៥ឆ្នាំឈ្មោះ Nithinon ត្រូវបានចាប់ខ្លួន​នៅអំឡុងពេលកំពុង​ព្យាយាមរត់ពន្ធ​ទឹកកាមឆ្លងកាត់​ព្រំដែនថៃ និងឡាវ​នៅឯប៉ុស្ដន៍ត្រួតពិនិត្យក្នុងខេត្ត Nong Khai៕