(ហាណូយ)៖ ការសិក្សាស្រាវជ្រាវថ្មីមួយរបស់គណកម្មាធិការមួយ នៅក្នុងសភាវៀតណាម​បានចង្អុលបង្ហាញថា បញ្ហាម្ហូបអាហារ​គ្មានសុវត្ថិ​ភាព គឺជាមូលហេតុ​ចម្បងផ្ទាល់ ដែលបង្ក​ឲ្យមានការកើនឡើង​ខ្លាំង​​នៃ​ជំងឺ​មហា​រីក នៅ​ទូ​ទាំង​ប្រទេស​វៀត​ណាម​តែ​ម្តង​។ នេះ​បើ​តាម​ការ​ចេញ​​ផ្សាយ​​ដោយ​សារ​ព័ត៌​មាន VN Express នៅមុននេះ​បន្តិចនារសៀលថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។

របាយការណ៍​ដែលបានសិក្សា​ទៅលើសុវត្ថិភាព​ម្ហូបអាហារ​ កាលពីចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៦ ត្រូវបានយក​មកចេញផ្សាយ​នាពេល​ថ្មី​ៗ​នេះ​ឲ្យដឹងថា ការពុលអាហារ​ជាង ១,០០០ករណី បានកើតមាន​ឡើងនៅក្នុង​អំឡុងពេលប្រាំ​ឆ្នាំចុងក្រោយ​នេះ ហើយមនុស្សចំនួន​​ ២៥,៦០០នាក់ បានចូលសម្រាកព្យាបាល​នៅឯមន្ទីរពេទ្យ ខណៈ១៦៤នាក់ក្នុងចំណោម​ពួកគេបាន​ស្លាប់។ ម៉្យាង​វិញ​ទៀត​ជា​​រៀង​​រាល់​​ឆ្នាំ ជំងឺ​មហា​រីក​តែងតែបានឆក់​យកអាយុជីវិត​មនុស្សប្រហែល​ ៧០,០០០នាក់នៅវៀតណាម ខណៈអ្នកជំងឺ​ថ្មីៗជាង​ ២០០,០០០នាក់​ ផ្សេង​ទៀត​ត្រូវបានគេរាយការណ៍​ជាបន្តបន្ទាប់ ហើយមូលហេតុ​ចម្បងនៃជំងឺ​ដ៏កាចសាហាវនេះ គឺការដែលម្ហូប​អាហារគ្មាន​សុវត្ថិភាព និង​អនាម័យត្រឹមត្រូវ។

របាយការណ៍​ដដែលបានរកឃើញថា​ ៨.៥ភាគរយ នៃបន្លែក៏ដូចជាផ្លែឈើ​ស្រស់ ដែលលក់​កាលពីចន្លោះ​ឆ្នាំ២០១១ និង​ឆ្នាំ​២០១៦ បាន​ប្រើសារធាតុគីមី​ពុលលើសកំណត់ ស្របពេលដែល​ ១៦ភាគរយនៃស្រែចម្ការ​ចំនួន ៥៧,៤០០កន្លែង ដែលពាក់ព័ន្ធ​ក្នុង​កា​រ​សិក្សា​នេះ បាន​រំលោភ​បំពានច្បាប់ស្តីពីការប្រើប្រាស់ថ្នាំ​សម្លាប់សត្វល្អិត និងជីគីមី។

យ៉ាងណាមិញ​រដ្ឋមន្រ្តីសុខាភិបាល​វៀតណាម​បានយល់ស្របថា ការបំពានច្បាប់​ចែងពីសុវត្ថិភាព​ម្ហូបអាហារ​ គួរ​តែត្រូវទទួល​ទោស​​កម្រិត​ព្រហ្មទណ្ឌ ក៏ប៉ុន្តែការដែល​របាយការណ៍ទម្លាក់​កំហុសជំងឺមហារីក ទៅលើបញ្ហា​សុវត្តិភាពម្ហូបអាហារ​ទាំង​ស្រុង​​បែប​នេះ ដូច​ជា​មិន​​ត្រឹ​ម​​ត្រូវ​​​​ទាល់​​​តែ​​សោះ។ លោកស្រីរដ្ឋ​មន្រ្តីបាន​បញ្ជាក់ថា ជំងឺមហារីក​ក៏កកើតឡើងពីមូលហេតុ​សំខាន់មួយចំនួនផ្សេង​ទៀតផង​ដែរ ហើយ​ការ​​​ដែលលើកឡើង​តែអំពីម្ហូបអាហារ​យ៉ាងដូច្នេះ វានឹងធ្វើឲ្យ​មហាជនយល់ខុស​ជាក់ជាពុំខាន​ឡើយ៕