(ស៊ីរី)៖ រដ្ឋាភិបាលស៊ីរីបានស្នើសុំដល់អង្គការសហប្រជាជាតិ UN ឱ្យបញ្ជូនក្រុមអ្នកជំនាញ ដើម្បីស៊ើបអង្កេតជុំវិញ ការចោទប្រកាន់ទាក់ទិននឹងការវាយប្រហារដោយអាវុធគីមី នៅក្នុងខេត្ត Idlib​ ក៏ប៉ុន្តែសំណើនេះ មិនមានការឆ្លើយតបនោះទេ ដោយសារតែមានសម្ពាធពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចមួយចំនួន។ នេះបើតាមសេចក្តីថ្លែងការណ៍នៃ​ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។

ជុំវិញការវាយប្រហារ​ដោយអាវុធគីមីនេះដែរ អង្គការសម្រាប់​ការហាមឃាត់​អាវុធគីមី OPCW​ បានបញ្ជាក់ នៅក្នុង​របាយការណ៍​បឋមរបស់ខ្លួនថា ពិតជាមានការប្រើប្រាស់អាវុធគីមី​នៅទីក្រុង Khan Shaykhun នៃខេត្ត Idlib ប្រាកដមែន ហើយសូម្បីតែ​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បារាំង ក៏បានអះអាងដែរថា ខ្លួននឹង​បង្ហាញភស្ដុតាង​ក្នុងពេល​ឆាប់ៗនេះ។

ដោយឡែក​ថ្លែងនៅក្នុងបទសម្ភាសន៍​ជាមួយ Sputnik បុរសខ្លាំង​ស៊ីរី លោក បាហ្សា អាល់ អាស្សាដ បានលើកឡើង ដូច្នេះថា «យើងបានផ្ញើ​លិខិតជាផ្លូវការ​ទៅកាន់ UN​ ដោយស្នើឱ្យ​បញ្ជូនក្រុម​អ្នកជំនាញ​មកស៊ើបអង្កេត អ្វីដែលកើតឡើង​នៅក្នុងទីក្រុង Khan Shaykhun។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ ពួកគេមិនបានឆ្លើយតប​នឹងសំណើរបស់​យើងនោះទេ ពីព្រោះមានអាមេរិក និងពួកលោកខាងលិច​កាងនៅពីក្រោយ ចាំរាំងខ្ទប់ការ​បញ្ជូនក្រុមអ្នក​ស៊ើបអង្កេត»

គួរបញ្ជាក់ថា បើតាមលោក អាស្សាដ សហរដ្ឋអាមេរិក​មិនចង់ឱ្យមានការស៊ើបអង្កេតឡើយ ត្បិតបើក្រុមអ្នកជំនាញ​មកដល់ខេត្ត Idlib នោះពួកគេនឹងរកឃើញ​នូវអ្វីដែលទីក្រុង​វ៉ាស៊ីនតោន បានប្រឌិតឡើង​នៅក្នុងទីក្រុង Khan Shaykhun ព្រមទាំងការ​វាយប្រហារ ដោយគ្រាប់មីស៊ីល​មកលើមូលដ្ឋានទ័ព Shayrat។ ការវាយប្រហារ​ដោយអាវុធគីមីកាលពីថ្ងៃទី០៤ ខែមេសា បានផ្ដាច់យកអាយុជីវិតមនុស្ស ៨៧នាក់ ក្នុងនោះជាង ២០នាក់ជាកុមារ រីឯទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត​លោកខាងលិច បានចង្អុលមុខ លោក អាស្សាដ ថាអ្នកទទួលខុសត្រូវចំពោះសោកនាដកម្មនេះ៕