(ប៉ារីស)៖​ ក្រុម ISIS បានចេញមុខអះអាងថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់ប៉ូលិសម្នាក់ និងបង្កឱ្យមនុស្សពីរនាក់ផ្សេងទៀត រងរបួសកាលពីយប់ថ្ងៃព្រហស្បតិ៍ នៅឯតំបន់ផ្លូវ Champs Elysees ក្នុងទីក្រុងប៉ារីស ក្បែរវិមានទូអ៊ែហ្វែល គឺជាក្រុមអ្នកប្រយុទ្ធរបស់ខ្លួន ហើយដែលការវាយប្រហារនេះទៀតសោត កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទី០១ កាន់ខិតជិតចូលមកដល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។

តាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយរបស់ខ្លួនឈ្មោះ Amaq ក្រុម ISIS បានបញ្ជាក់ដូច្នេះថា​ «ខ្មាន់កាំភ្លើង​ដែលបានបើក​ការបាញ់ប្រហារ នៅឯមហាវិថី Champs Elysees ស្ថិតនៅកណ្ដាលទីក្រុងប៉ារីស មានឈ្មោះថា Abu Yussef ជាពលរដ្ឋប៊ែលហ្សិក និងជាអ្នកប្រយុទ្ធម្នាក់នៃក្រុម ISIS»។ ដោយឡែកបើតាម​ប៉ូលិសបារំាង ខ្មាន់កាំភ្លើងរូបនេះ​បានប្រើប្រាស់កំាភ្លើងស្វ័យប្រវត្តិ បាញ់រះទៅលើរថយន្ដប៉ូលិសមួយគ្រឿង​នៅឯ Champs Elysees នៅម៉ោងប្រមាណជា ៩៖០០នាទីយប់ (ម៉ោងនៅក្នុង​ទីក្រុងប៉ារីស) ដោយបណ្ដាលឱ្យប៉ូលិសម្នាក់ស្លាប់ និងមនុស្ស០២នាក់ទៀតរងរបួស។ ក៏ប៉ុន្តែទន្ទឹមគ្នាខ្មាន់កំាភ្លើង ក៏ត្រូវបានប៉ូលិស បាញ់សម្លាប់ផងដែរ នៅពេលកំពុងព្យាយាម​រត់គេចខ្លួន។

គួរបញ្ជាក់ថា ការបាញ់ប្រហារខាងលើ​កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​បារាំងជុំទី០១ នឹងត្រូវប្រព្រឹត្ត​ទៅនៅថ្ងៃអាទិត្យ ទី២៣ ខែមេសាសប្ដាហ៍នេះ ហើយបើគិតចាប់តាំងពី​ឆ្នាំ២០១៥មក មនុស្ស២៣០នាក់ហើយ ត្រូវបានសម្លាប់នៅ​ក្នុងវាយប្រហារភេរវកម្ម ​ក្នុងប្រទេសបារាំង៕