(អង់ការ៉ា)៖ រដ្ឋមន្ត្រីយុត្តិធម៌តួកគី លោក Bekir Bozdag នៅថ្ងៃព្រហស្បតិ៍នេះ​បាននិយាយថា តុលាការសិទ្ធិមនុស្សអឺរ៉ុប (​ECHR) មិនមានយុត្ថាធិការ ឬសមត្ថកិច្ចអ្វីក្នុងការសម្រេចចិត្តលើ​ពាក្យបណ្ដឹង​លុបចោលលទ្ធផលបោះឆ្នោត ប្រជាមតិស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ សំដៅពង្រឹងអំណាចរបស់លោក ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ នោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០​ ខែមេសា ឆ្នាំ២០១៧។

ការលើកឡើង​ខាងលើ​របស់លោក Bekir Bozdag ធ្វើឡើង​ដើម្បីជាការឆ្លើយតប​ទៅនឹងគណបក្ស​ប្រឆាំង CHP ដែលបានអះអាង​កាលពីថ្ងៃពុធថា ពាក្យ​បណ្ដឹងលុបចោល​លទ្ធផលបោះឆ្នោត​ប្រជាមតិ អាចនឹងត្រូវដាក់​ជូនតុលាការ​ធម្មនុញ្ញតួកគី ឬ ECHR បន្ទាប់ពីអាជ្ញាធរ​រៀបចំការបោះឆ្នោត​តួកគី​ទាត់ចោលពាក្យបណ្ដឹង​របស់ CHP និងគណបក្ស​ប្រឆាំងពីរ​ផ្សេងទៀត។

គួររំលឹកថា លោក អឺដូហ្កាន់ បានទទួល​ជ័យជម្នះនៅក្នុងការ​បោះឆ្នោតប្រជាមតិ ​លើការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ កាលពីថ្ងៃអាទិត្យ​សប្ដាហ៍មុន ដោយ ទទួលសំឡេង​គាំទ្រ ៥១ភាគរយ។ មួយវិញទៀត​ផ្អែកលើការ​បោះឆ្នោត​ប្រជាមតិ​នេះ ប្រធានាធិបតី​​តួកគី លោក អឺដូហ្កាន់ នឹងកាន់តែមាន​អំណាចខ្លាំង​ជាង​មុនទៅទៀត រហូតដល់មាន​​សិទ្ធិរំលាយសភា និងតែងតាំង​រដ្ឋមន្ត្រីជាដើម ហើយមិនតែ​ប៉ុណ្ណោះ​លោក អឺដូហ្កាន់ ផ្ទាល់ក៏បាន​សន្យាដែរថា លោកអាច​នឹងរៀបចំ​ការបោះឆ្នោតប្រជាមតិមួយផ្សេងទៀត លើការដាក់​ឱ្យដំណើរការឡើងវិញ​ទោសប្រហារជីវិត​នៅក្នុងប្រទេស​តួកគី។ ប៉ុន្តែក្រុមអ្នកឃ្លំាមើល​សិទ្ធិមនុស្ស និងមេដឹកនាំអឺរ៉ុប នាំគ្នារិះគន់លើការបោះឆ្នោតនេះ រីឯលោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន បែរជានាំគ្នាអបអរសាទរជ័យជម្នះរបស់ លោក អឺដូហ្កាន់ ទៅវិញ៕