(កាប៊ុល)៖ ជនសកម្មប្រយុទ្ធសរុបចំនួន៤៧នាក់ ត្រូវបានកម្ចាត់ចោល​នៅក្នុងប្រតិបត្តិការ​យោធាក្តៅគគុកថ្មី​មួយលើកទៀត នៅក្នុងផ្ទៃ​ប្រទេស​​អាហ្វហ្គានីស្ថាន។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀល​ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។

យោងតាមសេចក្តីថ្លែងការណ៍​ ស្តីពីស្ថានភាព​ប្រចាំថ្ងៃនៃប្រតិបត្តិការខាងលើរបស់ក្រសួង​ការពារជាតិ​អាហ្វហ្គនីស្ថាន កងកម្លាំង​សន្តិសុខជាតិ​អាហ្វហ្គានីស្ថាន បានបើក​ប្រតិបត្តិការ​ដើម្បីបោសសម្អាតនៅ​តាមតំបន់មួយ​ចំនួនរបស់ក្រុមភេរវករ ដែលជាសត្រូវ​នៃ​សន្តិ​ភាព​​​និងស្ថិរភាពរបស់​ប្រទេសអាហ្វហ្គានីស្ថាន។ ជាលទ្ធផលជន​សកម្មប្រយុទ្ធចំនួន​៤៧នាក់បានស្លាប់, ១១នាក់បាន​ទទួលរងរបូស, និងម្នាក់ទៀតត្រូវ​បានចាប់ខ្លួននៅក្នុងរយៈ​ពេល២៤ម៉ោង​ចុងក្រោយនេះ។

គួរបញ្ជាក់ថា យោធាអាហ្វហ្គានីស្ថាន​នៅតែបន្តខិតខំប្រឹងប្រែង​បើកប្រតិបត្តិការ​ឥតឈប់ឈរ ដើម្បីកម្ចាត់​ក្រុមសកម្ម​ប្រយុទ្ធ​​តាលី​បង់​ ​ចេញ​​ពី​បណ្តា​​ខេត្តមួយចំនួន​​​របស់ខ្លួន ខណៈប្រតិបត្តិការ​យោធាខាងលើនេះ ត្រូវបានធ្វើឡើង​នៅខេត្តចំនួន១៣ ក្នុង​ចំណោម​​ខេត្ត​ទាំង​៣៤​នៃ​ប្រទេស ហើយកងកម្លាំង​​សន្តិ​សុខបាន​រឹបអូស​ និងដោះគ្រាប់បែកក៏ដូចជាមីនសម្រាប់​​បង្កប់​នៅ​តាម​ដង​ផ្លូវ​ចំនួន​​៣១​គ្រាប់​ផង​ដែរ៕