(ប៉េកាំង)៖ ចក្រភពអង់គ្លេសនឹងខាតបង់ប្រយោជន៍ច្រើនជាងសហភាពអឺរ៉ុប (EU) ដោយសារតែ ការសម្រេចចិត្តដើរចេញពីសហភាពអឺរ៉ុប (Brexit) ខណៈកិច្ចចរចារបស់ទីក្រុងឡុងដ៍ ក៏នឹងជួបការលំបាកផងដែរ។ នេះបើតាមសម្តីនៃប្រមុខ​គោលនយោបាយ EU លោកស្រី Federica Mogherini ដកស្រង់ដោយសារព័ត៌មាន​ Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។

ការលើកឡើងបែបនេះរបស់​លោកស្រី Mogherini ធ្វើឡើង នា​ឱកាសដែលលោកស្រីកំពុងបំពេញ​ដំណើរទស្សនកិច្ច​ក្នុងទីក្រុង​ប៉េកាំង។ ថ្លែងនៅចំពោះ​ក្រុមនិស្សិត នៅ​ឯសកល​វិទ្យាល័យ Tsinghua University នៅថ្ងៃព្រហស្បតិ៍ ​ប្រមុខការទូត​អឺរ៉ុបរូបនេះ​បាននិយាយថា «ការចរចាស្ដីពី Brexit ជាមួយអង់គ្លេស​អាចនឹងជួបការ​លំបាកខ្លាំង (...) ពួកគេនឹងបោះ​បង់ចោលសមាជិកភាព នៃសហគមន៍មួយ ហើយយើង​នឹងបាត់បង់រដ្ឋ​ជាសមាជិកមួយដ៏សំខាន់ ស្របដែលពេល​យើងដឹងថា រដ្ឋជាសមាជិក​ទំាងអស់ពិត​ជាមានសារៈសំខាន់​ស្មើៗគ្នា ពីព្រោះពួកគេ​បានចែករំលែក​ផលប្រយោជន៍​ឱ្យគ្នាទៅវិញទៅមក។ ទោះបីយ៉ាងណាខ្ញុំគិតថា ​មិត្តអង់គ្លេសរបស់យើង នឹងបាត់បង់​ប្រយោជន៍ច្រើនជាង​អ្វីដែលយើង​នឹងបាត់បង់»

គួរបញ្ជាក់ថា នាយករដ្ឋ​មន្ត្រីអង់គ្លេស លោកស្រី Theresa May បានដាក់ឱ្យ​ដំណើរការនីតិវិធី​លែងលះ​ជាមួយសហភាពអឺរ៉ុប កាលពីខែមីនា​កន្លងទៅ ហើយថែមទំាង​អះអាងថា​ អ្វីៗមិនអាច​បកក្រោយឡើយ។ ប៉ុន្តែទីក្រុង​ឡុងដ៍ ត្រូវចំណាយ​ពេលយ៉ាងតិច​០២ឆ្នាំ ដើម្បីលែងលះ​ឱ្យដាច់ស្រេច ក៏ដូចជាស្វែងរកកិច្ច​ព្រមព្រៀងនានាឲ្យបានមុននឹង Brexit ចូលជាធរមាននៅ​ខែមីនា ឆ្នាំ២០១៩៕