(ហ្សាការតា)៖ បន្ទាប់ពី​បាន​ធ្វើដំណើរ​មកដល់​ប្រទេស​ឥណ្ឌូណេស៊ី ​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​លោក ​Mike ​Pence ​បាន​ថ្លែង​នៅ​​ថ្ងៃ​​​ព្រហ​​ស្ប​តិ៍​នេះ​ថា ​រដ្ឋាភិបាល​របស់​លោក​ចង់បាន​ការ​ធ្វើ​ពាណិជ្ជកម្ម ​ដែល​មាន​តម្លាភាព​ជាមុន​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ហ្សាការតា ​ស្រប​ពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន ​បាន ​និង​កំពុង​ត្រួតពិនិត្យ​ឡើងវិញ ​អំពី​បណ្តា​ប្រទេស​មួយចំនួន ​ដែល​អាមេរិក​មាន​ឱនភាព​ជាមួយ​​។ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន ​Channel ​News ​Asia ​នៅមុន​នេះ​បន្តិច​នា​រសៀល ​ថ្ងៃ​ព្រហស្បតិ៍ ​ទី២០ ​ខែមេសា ​ឆ្នាំ២០១៧​។

នៅក្រោយ​បញ្ចប់ជំនួបជា​មួយលោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Pence បានឲ្យដឹងថា​ សហរដ្ឋអាមេរិក​មានការ​ចាប់អារម្មណ៍​ចំពោះទំនាក់ទំនង​ឈ្នះ-ឈ្នះ ជាមួយប្រទេស​សេដ្ឋកិច្ចដ៏ធំ​បំផុត​ប្រចាំតំបន់​អាស៊ីអាគ្នេយ៍​មួយនេះ។ ម៉្យាងវិញ​​ទៀត​នា​ឱកាស​នោះលោក​អនុប្រធានាធិបតី​អាមេរិក ក៏បានធ្វើការ​អំពាវនាវ​ឲ្យមានកិច្ច​សហប្រតិបត្តិការ ស្តីពីការ​ប្រយុទ្ធ​ប្រឆាំងអំពើ​ភេរវកម្ម និងការ​រក្សា​សេរីភាពនាវាចរណ៍​នៅក្នុងតំបន់​ផងដែរ។

គួរ​បញ្ជាក់​ថា ​ឥណ្ឌូណេស៊ី​​គឺជា​ប្រទេស​មួយ​​ក្នុងចំណោម​ប្រទេស​​សរុប​ទាំងអស់​​ចំនួន១៦ ​ដែល​ស្ថិត​ក្រោម​​ការ​ត្រួតពិនិត្យ​ឡើងវិញ​ ​​ចំពោះ​ការដែល​ទទួល​បានផល​ចំណេញ​ខ្លាំង ​នៅក្នុង​ការ​ធ្វើ​​ពាណិជ្ជកម្ម​ជា​​មួយ​អាមេរិក​។ ​ដោយឡែក​បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​លោក ​Mike ​Pence ​នឹង​បន្ត​ឆ្ពោះទៅ​កាន់​អូស្រ្តាលី ​ជាគោល​ដៅ​ចុងក្រោយ​គេ ​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល១០ថ្ងៃ​​របស់​​លោក​​នៅ​​តំបន់​​អាស៊ី​៕