(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានព្រមាន ទីក្រុងវ៉ាស៊ីនតោនថា «កុំមករញ៉េរញៃជាមួយ នឹងពួកយើង» បើពុំដូច្នោះអ្នកនឹងបានភ្លក្សការវាយប្រហារដ៏ខ្លំាងខ្លាបំផុត ខណៈរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា សហរដ្ឋអាមេរិកកំពុងស្វែងរកវិធីសាស្ត្រ ដាក់សម្ពាធបន្ថែមប្រឆាំងនឹង ទីក្រុងព្យុងយ៉ាង​ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។

ប្រឈមមុខ​​នឹង​របប​ដឹកនាំ ​លោក ​គីម ​ជុង​អ៊ុន ​ប្រធានាធិបតី​​អាមេរិក ​លោក ​ដូ​ណាល់ ​ត្រាំ ​បាន​ព្រមាន​ជា​​ច្រើនដង​ថា ​គោលនយោបាយ​​អត់ធ្មត់​​ជាមួយ​កូរ៉េខាងជើង ​បាន​ឈាន​ដល់​​ទី​បញ្ចប់ ​ហើយ​ថាស​ហរ​ដ្ឋ​អាមេរិក ​អាច​នឹង​ប្រើប្រាស់​​កម្លាំងយោធា​​នៅក្នុង​ករណី​ចាំបាច់​។ ​ប៉ុន្តែ​ទន្ទឹមគ្នា​នោះ ​កូរ៉េខាងជើង​​ក៏បាន​ព្រមាន​ដែរ​ថា​ ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើ​សង្រ្គាម​នុយក្លេអ៊ែរ ​តាមដែល​​អាមេរិក​ត្រូវការ​។ ​ក្រោយ​ៗ​មក​ទៀត ​អាមេរិក​បាន​បន្ធូរបន្ថយ​ពាក្យ​គំរាម​របស់​ខ្លួន ​ដោយ​អះអាង​ថា ​ចង់បាន​សន្តិភាព​នៅ​ឧបទ្វីប ​ហើយ​ចិន​ត្រូវ​បាន​អំពាវនាវ​ឲ្យ​ចូលរួម​យ៉ាងសកម្ម​ក្នុង​រឿង​នេះ​។

ដោយឡែក​ថ្លែងទៅកាន់​អ្នកសារព័ត៌មាន​ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធីល្លឺសុន បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងពិនិត្យឡើងវិញ លើស្ថានភាព​ទំាងអស់របស់​កូរ៉េខាងជើង រួមទំាងការបញ្ចូល​ទៅក្នុងបញ្ជីខ្មៅ​នៃរដ្ឋគាំទ្រភេរវករ ក៏ដូចជាការ​ស្វែងរកវិធីសាស្ត្រ​ដាក់សម្ពាធបន្ថែម​លើព្យុងយ៉ាង ឱ្យងាកមករកតុចរចា​ជាមួយយើង ដែលនឹងមិនមែន​ដូចកិច្ចចរចាមុនៗនោះទេ»

គួរបញ្ជាក់ថា រហូតមកទល់​បច្ចុប្បន្ន កូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅតែស្ថិតនៅ​ក្នុងស្ថានភាព​ប្រកាសសង្រ្គាម​ជានិច្ច ពីព្រោះក្រោយ​សង្រ្គាមកូរ៉េ ឆ្នាំ ១៩៥០-១៩៥៣ ប្រទេសជា​បងប្អូនបង្កើត​ទំាងពីរ បានចុះហត្ថលេខា​ត្រឹមតែកិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាមប៉ុណ្ណោះ មិនមែនជា​សន្ធិសញ្ញា​សន្តិភាព​នោះទេ។ ក៏ប៉ុន្តែយ៉ាងណា លទ្ធភាពនៃ​ការបំផ្ទុះសង្រ្គាម ជាមួយកូរ៉េខាងជើង ពិបាកនឹងអាច​ទៅរួចណាស់ ត្បិតពេលនេះគេមើលឃើញថា លោក ដូណាល់ ត្រាំ ក៏មិនខុសគ្នា​ទៅនឹងប្រធានាធិបតី​អាមេរិកមុនៗដែរ គឺនៅតែត្រូវការជំនួយពីចិន ដើម្បីដោះស្រាយ ជាមួយកូរ៉េខាងជើង៕