(វ៉ាស៊ីនតោន)៖ កងទ័ពអាមេរិកនៅតែបន្តបើកការវាយប្រហារ លើក្រុមសកម្មប្រយុទ្ធ ISIS នៅក្បែរតំបន់ ដែលខ្លួនបានទម្លាក់គ្រាប់បែកទម្ងន់១១តោន ឬគេស្គាល់ថា ម៉ែគ្រាប់បែក (Mother of all bombs) ដែលបានសម្លាប់ពួក ISIS ៩៤នាក់កាលពីសប្ដាហ៍មុន នៅក្នុងខេត្ត Nangarhar។ នេះបើតាម​អ្នកនាំ​ពាក្យយោធាអាមេរិក លោក William Salvin ដកស្រង់ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។

ជុំវិញការអះអាង​នេះដែរ ថ្លែងប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន Reuters លោក William Salvin បានឱ្យដឹងថា​ យោធាអាមេរិក​នៅតែបន្ត​ប្រកៀកស្មា​ប្រយុទ្ធ ជាមួយ​កងកម្លាំង​អាហ្វហ្គានីស្ថាន នៅក្នុងសង្រ្គាម​កម្ទេចពួក ISIS​ នៅតាម​តំបន់ព្រំដែន។ «ថ្វីត្បិតតែ​ប្រតិបត្តិការ​មួយចំនួន ត្រូវបានដាក់ កំហិត ប៉ុន្តែដោយ​សារតែ​វាជាតំបន់ប្រយុទ្ធ​ប៉ុណ្ណោះ ហើយយើង​កំពុងសហការ​គ្នាប្រយុទ្ធជា​មួយសត្រូវ​របស់យើង»។ នេះបើតាមសម្តី​លោក William Salvin ដោយបន្ថែមទៀតថា​ លោកជឿជាក់ខ្ពស់​បំផុតថា គ្មានជនស៊ីវិល​ណាម្នាក់ រងគ្រោះនៅ​ក្នុងការទម្លាក់​ Mother of all bombs ទៅលើមូលដ្ឋានពួក ISIS នោះទេ។

គួរបញ្ជាក់ថា បើតាមការសន្និដ្ឋាន​របស់សហរដ្ឋអាមេរិក ក្រុមអ្នក​ប្រយុទ្ធ ISIS មានចំនួន​ពី ៦០០នាក់ ទៅ៨០០នាក់ ក្នុងប្រទេស​អាហ្វហ្គានីស្ថាន ស្របពេល​យោធាអាមេរិក​ច្រើនជាង ៨,០០០នាក់ កំពុងឈរជើង​នៅក្នុងប្រទេស​មួយនេះ ដើម្បីបណ្ដុះបណ្ដាល​កងកម្លាំង​រដ្ឋាភិបាល​ទីក្រុងកាប៊ុល ប្រឆាំងនឹង​ក្រុមឧទ្ទាម​តាលីបង់​រួមទាំង​ក្រុមភេរវករ៕