(ការ៉ាកាស់)៖ ជាលទ្ធផលមនុស្សពីរនាក់បានបាត់បង់ជីវិត ដោយសារតែការធ្វើបាតុកម្មដ៏ធំសម្បើមថ្មីទៀត ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសវេ​ណេ​ស៊ុយ​អេឡា ដោយក្រុមអ្នកតវ៉ាបានធ្វើការទាមទារឲ្យប្រធានាធិបតី លោក Nicolas Maduro ចុះចេញពីតំណែងនៅចំពោះមុខវិបត្តិសេដ្ឋកិច្ច​ដ៏​ធ្ងន់​ធ្ងរ ​របស់ប្រទេស​អាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុន​នេះ​បន្តិច​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។

ការប្រមូលផ្តុំគ្នា​ទ្រង់ទ្រាយធំ​ជាច្រើនកន្លែង ត្រូវបានធ្វើឡើង​នៅទូទាំង​រដ្ឋធានីការ៉ាកាស់ រួមទាំងទីក្រុងធំៗ​ដទៃៗទៀតសាជាថ្មី បន្ទាប់​ពីការ​​​ធ្វើ​បាតុកម្មហិង្សា​អស់រយៈពេល​ជាច្រើនសប្តាហ៍កាលពីលើកមុន ដែលបានបណ្តាល​ឲ្យមនុស្សចំនួន០៦នាក់ស្លាប់ និងបង្កឲ្យមាន​ជាការប៉ះទង្គិចគ្នា​ជា​ច្រើនលើក​ច្រើនសារ រវាងក្រុមបាតុករប្រឆាំង​រដ្ឋាភិបាល​ និងកងកម្លាំងរក្សាសន្តិសុខ។ សរុបចំនួនមនុស្សស្លាប់​ក្នុងបាតុកម្ម​ទ្រង់ទ្រាយធំទាំងពីរលើកនេះ មានចំនួន ០៨នាក់ហើយ។

ការធ្វើបាតុកម្ម​នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅ​វេណេស៊ុយអេឡា) ត្រូវបានរៀបចំ​ឡើងដោយក្រុមគណបក្សប្រឆាំង​ នៅប្រទេស​ក្នុង​តំបន់អាមេរិកខាងត្បូង​មួយនេះ ហើយដោយ​ផ្ទុយពីការ​អំពាវឲ្យប្រើប្រាស់​កម្លាំងយោធា​ ប្រឆាំងនឹង​ប្រធានាធិបតី​វេណេស៊ុយ​អេឡេ លោក Vladimir Padrino Lopez រដ្ឋក្រសួង​ការពារជាតិ បានប្តេជ្ញាយ៉ាង​ស្មោះស្ម័គ្រអំពី​ភាពស្មោះត្រង់របស់កងទ័ព​ជូនចំពោះ​​លោក Maduro។ ម៉្យាងវិញទៀត​ក៏មានសេចក្តី​រាយការណ៍ ស្តីពីការប៉ះ​ទង្គិចគ្នា​រវាងក្រុមអ្នកតវ៉ា​ និងកងប៉ូលិស​ការពារសណ្តាប់​ធ្នាប់​​ផងដែរ។

គួរបញ្ជាក់ថា នៅក្នុងទីក្រុង​ការ៉ាកាស់ ជាទីប្រជាជន​រាប់ម៉ឺនរាប់សែន​នាក់បាននាំគ្នា​ចូលរួមធ្វើបាតុកម្ម​នោះ យុវជនវ័យ​១៨ឆ្នាំម្នាក់​​ឈ្មោះ Carlos Moreno បានរងការបាញ់ប្រហារចំក្បាល នៅពេល​ក្រុមបាតុកម្ម​ដែលជាគូបដិបក្ស​នឹងគ្នាបានផ្ទុះ​អំពើហិង្សាឡើង។ ដោយឡែកទោះ​បីជាត្រូវបាន​គេបញ្ជូនជាបន្ទាន់​ទៅកាន់មន្ទីរពេទ្យ​យ៉ាងណាក្តី យុវជនរូបនោះ​បានស្លាប់​ដោយសារតែ​ការរងរបួសធ្ងន់ធ្ងរ​ខ្លាំង​ពេក។ ក្រោយមក​នៅក្នុង​ទីក្រុង Cristobal ដែលស្ថិត​នៅក្បែរព្រំដែន​ជាមួយប្រទេស​កូឡុំប៊ី នារីវ័យ២៤ឆ្នាំ​ម្នាក់ផ្សេងទៀត​ឈ្មោះ Paola Ramirez ត្រូវបានក្រុមប្រដាប់អាវុធ​ជិះនៅលើម៉ូតូ​បាញ់សម្លាប់ ខណៈពេល​ដែលរូបនាង​កំពុងដើរចាកចេញ​ពីក្បួន​បាតុកម្ម៕