(ស៊ីរី)៖ លទ្ធផលវិភាគមិនអាចប្រកែកបានបង្ហាញថា ឧស្ម័នគីមីសារីន (Sarin) ឬក៏សារធាតុគីមី​ប្រហាក់ហែល ពិតជាត្រូវបានគេប្រើប្រាស់​នៅក្នុងការវាយប្រហារ​ដោយអាវុធគីមីនៅស៊ីរី កាលពីដើម ខែមេសា កន្លងទៅប្រាកដមែន ដែលបានបណ្តាលឲ្យមនុស្ស ៨៧នាក់ស្លាប់ ក្នុងនោះមានក្មេងៗ​មិនដឹងអ្វីសោះចំនួនជាង ២០នាក់។ នេះបើតាមរបាយការណ៍នៃអង្គការសម្រាប់ការហាមឃាត់អាវុធគីមី (OPCW) ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។

យោងតាម​ប្រធាន OPCW លោក Ahmet Uzumcu គំរូវិភាគលើ​ជនរងគ្រោះ១០នាក់ ត្រូវបាន​វិភាគ នៅឯមន្ទីរពិសោធន៍​ចំនួន០៤ ហើយ​បើទោះជាត្រូវរង់​ចំាលទ្ធផលចុង​ក្រោយក៏ដោយ ក៏ប៉ុន្តែវា​បានបង្ហាញរួច​ទៅហើយ​ថា​ ពិតជាមាន​ការប្រើប្រាស់​អាវុធគីមី​នៅស៊ីរីមែន។ លោក Ahmet Uzumcu បានបញ្ជាក់​យ៉ាងដូច្នេះថា «ផ្អែកលើលទ្ធផល​វិភាគចេញពី​មន្ទីរពិសោធន៍​ទំាង០៤ នៃ OPCW បញ្ជាក់ថា ពិតជាមាន​ការប្រើប្រាស់​ឧស្ម័នគីមី​សារីន ឬសារធាតុគីមី​ប្រហាក់ហែល។ មួយវិញ​ទៀត បើទោះជា​នៅរង់ចាំលទ្ធផល​បន្ថែមក៏ដោយ តែលទ្ធផល​វិភាគនេះ គឺមិនអាចប្រកែ​ក​បាន​ឡើយ ខណៈ OPCW បានត្រៀម​ខ្លួនរួចជាស្រេច បញ្ជូនក្រុមការងារ​ទៅកាន់តំបន់​រងគ្រោះ បើសិនជាសន្តិសុខអំណោយផល»

គួររំលឹកថា កាលពីដើមខែមេសាកន្លងទៅ មនុស្ស៨៧នាក់ ត្រូវបានសម្លាប់ដោយការ​វាយប្រហារ​ដ៏មហាប្រល័យមួយ ដែល​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​លោកខាងលិច ចង្អុលមុខ​របបលោក បាហ្សា អាល់ អាស្សាដ ថាជា​អ្នកទទួលខុសត្រូវ​លើការវាយប្រហារ​ដោយអាវុធីគីមី​ក្នុងទីក្រុង Khan Sheikhoun នៃខេត្ត Idlib​។ ក៏ប៉ុន្តែ​ទីក្រុងដាម៉ាស់ បានទាត់ចោល​ការចោទ​ប្រកាន់នេះ រីឯសម្ព័ន្ធមិត្ត​របស់ខ្លួន​គឺទីក្រុងម៉ូស្គូ ក៏បាន​អះអាងដែរថា​ កងកម្លាំងស៊ីរី​មិនបានប្រើប្រាស់​អាវុធគីមី​ឡើយ ហើយថា​ ការវាយប្រហារ​នោះទៀតសោត​បានបំផ្លាញឃ្លំាង​ស្ដុកអាវុធ​គីមីរបស់ពួកភេរវករទៅវិញ។

សូមបញ្ជាក់ថា អង្គការ OPCW មានអាជ្ញាធរតែទៅលើការស៊ើបអង្កេត រកដាននៃការប្រើប្រាស់អាវុធគីមី​ថា មានពិតមែន ឬក៏អត់ប៉ុណ្ណោះ ប៉ុន្តែអង្គការនេះពុំមានសិទ្ធិអំណាច ក្នុងការចោទប្រកាន់ភាគីណាមួយជាអ្នក​ប្រព្រឹត្ត ឬក៏ដាក់ទោសទណ្ឌអ្វីនោះឡើយ៕