(វ៉ាស៊ីនតោន)៖ សេតវិមានសហរដ្ឋអាមេរិកបានធ្វើការបកស្រាយ និងបដិសេធចំពោះការភ័ន្តច្រឡំជា​សាធារណៈទៅលើព័ត៌មាននានា ដែលបានចុះផ្សាយពីកងទ័ពអាមេរិកធ្វើការចល័តនាវា​ដឹកយន្តហោះ​ចម្បាំងនៅកាន់ឧបទ្វីបកូរ៉េ​ ​ដើម្បីទប់ទល់​នឹងកូរ៉េខាងជើង​នោះ។ នេះបើតាមការចេញ​ផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។

អ្នកនាំពាក្យសេតវិមានអាមេរិក លោក Sean Spicer បានលើកឡើងប្រាប់អ្នកសារព័ត៌មាននានា​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃពុធយ៉ាងដូច្នេះថា «លោកប្រធានាធិបតីបាននិយាយថា យើងមានគោលដៅ​ត្រឹមត្រូវក្នុងធ្វើដំណើរទៅឧបទ្វីបកូរ៉េ។ វាជាការពិត... វាបានកើតឡើងយ៉ាងប្រាកដ»។ យោងតាម​សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី០៩ ខែមេសា កងទ័ពជើងទឹកអាមេរិកបានប្រកាសថា នាវាដឹក​យន្តហោះ​​ចម្បាំង USS Carl Vinson គ្រោងទៅទស្សនកិច្ចនៅអូស្ត្រាលី និងធ្វើការចល័តពីប្រទេស​សិង្ហបុរីទៅកាន់ភាគខាងជើង។

ប៉ុន្តែមួយថ្ងៃបន្ទាប់ពីសេចក្តីប្រកាសរបស់កងទ័ពជើងទឹកនោះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកបានបញ្ជូននាវាដឹកយន្តហោះចម្បាំង ដែលជាក្រុមប្រយុទ្ធ USS Carl Vinson នោះទៅហើយ ដោយការប្រកាសបែបនេះ គឺស្របពេលដែល​ឧបទ្វីបកូរ៉េកំពុងតែ​ស្ថិតនៅក្នុងភាព​តានតឹង​បំផុត ប៉ុន្តែលោក​ ត្រាំ មិនបាន​បញ្ជាក់វា USS Carl Vinson នឹងត្រូវធ្វើ​ដំណើរ​ទៅកាន់ឧបទ្វីបនោះ​ឡើយ។ ទោះបីជាបែបនេះក្តី រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis ក្រោយមកទៀតបានប្រាប់អ្នកសារព័ត៌មាន​នានា​​ នៅថ្ងៃទី១១ ខែមេសាថា ក្បួននាវា USS Carl Vinson កំពុងតែធ្វើដំណើរ​ទៅកាន់តំបន់​ឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា បើតាមព័ត៌មានច្បាស់ការមួយ​ដែលត្រូវបានចេញផ្សាយ​នៅអំឡុងទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតីអាមេរិកលោក Mike Pence នៅតំបន់អាស៊ីនោះ នាវាដឹកយន្តហោះចម្បាំង USS Carl Vinson កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី ដែលជាប្រទេសចុងក្រោយនៃដំណើរ​ទស្សនកិច្ចរបស់មនុស្សជំនិតលោក ដូណាល់ ត្រាំ នៅតំបន់អាស៊ីដែលមានរយៈពេល ១០ថ្ងៃ។ ក៏មាន​ព័ត៌មានមួយចំនួនចុះផ្សាយបែបចំអកផងដែរថា អាមេរិកចល័តនាវាដឹកយន្តហោះចម្បាំងចេញពីឧបទ្វីប​កូរ៉េ​ទៅអូស្ត្រាលី ខណៈដែលខ្លួនកំពុងព្រមានកូរ៉េខាងជើងមិនឲ្យបង្កហេតុតទៅទៀត៕